ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យកំណត់ពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធីសម្រាប់ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា មានចំនួន ៥ ពិធីបុណ្យ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមករា នេះ គឺព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា, ព្រះរាជក្រឹត្យនេះ មានគោលដៅកំណត់ អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតក្នុងគោលបំណង ដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅរួមរស់ក្នុងសង្គមវិញឬក្នុងគោលបំណងផ្នែកមនុស្សធម៌។

ព្រះរាជក្រឹត្យនេះ ក៏មានវិសាលភាពគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រម ឬសសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយអំណាចតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនឲ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេសនោះ។

តាមរយៈព្រះរាជក្រឹត្យនេះ ជារៀងរាល់ឆ្នាំពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតបានមានចំនួន ៥ ពិធីបុណ្យ ក្នុងនោះមានដូចជា៖

ទី១-ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍
ទី២-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ទី៣-ពិធីបុណ្យវិសាខបូជា
ទី៤-ពិធីបុណ្យឯករាជ្យជាតិ
និងទី៥-ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌ

-ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូល រួមរស់ក្នុងសង្គមវិញ។

-គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូ
ល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត។
– ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ
និងកម្មវិធីសមាហរណកម្ម។
– គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមសេចក្តីណែនាំផ្សេងទៀតរបស់ពន្ធនាគារ ។ ប្រធានពន្ធនាគារត្រូវធ្វើការវាយតម្លៃ និងបញ្ជាក់អំពីការបំពេញលក្ខខណ្ឌខាងលើរបស់ទណ្ឌិត ដែលត្រូវបញ្ចូលឈ្មោះក្នុងបញ្ជីទណ្ឌិតដែលត្រូវស្នើសុំទៅគណៈកម្មការរាជធានី ខេត្ត និងគណៈកម្មការ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងវាយតម្លៃអំពីកម្រិតកែប្រែរបស់ទណ្ឌិត។

សូមអាននូវខ្លឹមសារព្រះរាជក្រឹត្យព្រះមហាក្សត្រទាំងស្រុងដូចខាងក្រោម៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print