ភ្នំពេញ, សម្បូរបែប នូវជនទុច្ចរិត បង្កើតជារឿងរ៉ាវ ហេតុផល ល្បិចកលគ្រប់ជំពូក ដើម្បីឆបោកអ្នកដទៃ រកលុយមកបំពេញតម្រូវការខ្លួនឯង ទាំងល្មើសច្បាប់ ប៉ះពាល់សិទ្ធិអ្នកដទៃ រហូតដល់ថ្នាក់ដឹកនាំទៀតផង។ ជាក់ស្ដែងមានបុគ្គលម្នាក់ បានដើរបំប៉ោងភូតកុហក ថាម្ដាយលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ម្ដាយរបស់គាត់បានទទួលមរណៈភាព រួចហើយបុគ្គលនោះ ដើរតាមកន្លែងទីតាំងលក់ដូរ ដើម្បីសុំថវិកាយកមកចូលបុណ្យ ។ ប៉ុន្តែករណីនេះមិនមែនជាការពិត រហូតដល់លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ចេញមុខធ្វើការបដិសេធ និងបញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំបាទ ម៉ូវ ម៉ានិត សូមធ្វេីការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា: នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដេីម្បីសុំថវិកាចូលបុណ្យ។
ខ្ញុំសូមធ្វេីការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំចាញ់បោកបុគ្គលខាងលេីនេះ៕
ដោយ,សុខ ខេមរា