ភ្នំពេញ, សម្តេចបានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ អន្តរជាតិថា: សម្រាប់ប្រទេសកម្ពុជា ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា បានបញ្ចប់ទាំងស្រុងប្រកបដោយ ជោគជ័យ។ ប៉ុន្តែ យើងមិនអាចមើលស្រាលពីស្ថានការណ៍ និងឱកាសនៃការវិលត្រឡប់មកវិញរបស់ មេរោគដ៏កាចសាហាវនេះបានទេ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ និងឆ្លើយតបបានទាន់ពេលវេលា ដែលអាចគ្រប់គ្រងស្ថានការណ៍បានដោយការកាត់ផ្តាច់មធ្យោបាយដែលនាំឱ្យជំងឺកូវីដ-១៩ឆ្លងរីករាល ដាលចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយ ធំ។ បើប្រៀបធៀបប្រទេសក្នុងតំបន់ ចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ នៅកម្ពុជាមានចំនួនតិចហើយត្រូវបានព្យាបាលឱ្យជាសះស្បើយជាបន្តបន្ទាប់ ដោយគ្មានប្រជាពលរដ្ឋ ខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជានៅឡើយទេ។ នេះគឺជាជោគជ័យដ៏ធំធេង ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការបានល្អទាន់ពេលវេលារបស់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់និងចាំបាច់របស់ រាជរដ្ឋាភិបាលកម្ពុជា និងវិធានការរបស់ក្រសួង ស្ថាប័នជំនាញ ហើយក៏មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹង ប្រែងចូលរួមយ៉ាងសកម្មពីស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានរបស់យើងបានឡើយ ។
សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បន្តថា, ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារ ព័ត៌មានដែលខិតខំផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ទាក់ទងនឹងការវិវត្តនៃជំងឺកូវីដ-១៩ និងសភាពការណ៍ វិវត្តនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់និងនៅលើសកលលោកទាំងមូល ជាពិសេសការផ្សព្វផ្សាយ វិធានការបន្ទាន់ទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានរហ័សទាន់ពេលវេលាប្រកបដោយការ
ទទួលខុសត្រូវតាមវិជ្ជាជីវៈ។ រយៈពេលជិតមួយឆ្នាំកន្លងទៅនេះ ទោះបីប្រឈមនឹងឧបសគ្គនៃការរីករាល ដាលនៃការឆ្លងជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏បងប្អូនអ្នកសារព័ត៌មានរបស់យើងបានខិតខំពុះពារជំនះរាល់ ការលំបាកនានាបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាលទៅកាន់ ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ តាមរយៈការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ជូនប្រជាពលរដ្ឋបានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងយល់ពីសភាពការណ៍ពិត នៅកម្ពុជា និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីបានដឹងអំពីតម្រូវការរបស់ ប្រជាពលរដ្ឋ ជាការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាសុខសន្តិភាពយូរអង្វែង នៅកម្ពុជា៕
ដោយ, សុខ ខេមរា