កំពង់ធំ: ដោយតែវិបត្តផ្លូវចិត្តរឿងជំពាក់ប្រាក់ធនាគារធ្វើឲ្យនារីម្នាក់បង្ខំចិត្តលេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន។
ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១នៅលើផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
បើយោងតាមការបភ្លឺរបស់ឈ្មោះ សៀង ស្រីនាង ត្រូវជាប្អូនបង្កើត បានអះអាងឲ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះ និងខ្លួន នៅអង្គុយលេងលើផ្ទះជាមួយគ្នា លុះដល់ម៉ោងប្រហែល១០និង៣០នាទី ខ្លួនបបួលបងទៅហូបបាយទាំងអស់គ្នាតែជនរងគ្រោះមិនព្រមទៅហើយនៅដេកលើផ្ទះតែម្នាក់ឯង។
លុះដល់ម៉ោងប្រហែល១២និង៥៥នាទីប្អូនប្រុស អាយុ៥ឆ្នាំ របស់ខ្លួនឡើងទៅលើផ្ទះឃើញបងស្រីដេកមិនដកដង្ហើម ក៏ស្រែក ហៅរូបខ្លួនឲ្យមកមើល ពេលខ្លួនឡើងមកមើលទើបដឹងថាបងស្រី បានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចអាជ្ញាធរដែនដីបានសហការជាមួយប្រធានមណ្ឌលសុខភាពឃុំបល្ល័ង្ក បានចុះទៅពិនិត្យសាកសពដើម្បីធ្វើកោសល្យវិច្ច័យ។ ពេលពិនិត្យសមត្ថកិច្ចរកឃើញថ្នាំគ្រាប់ពណ៌ ស (គ្រាប់តូចៗមូល) ចំនួន០២គ្រាប់ ដែលជាប្រភេទថ្នាំងងុយដេកនៅក្បែរខ្លួនសព ហើយនៅលើដងខ្លួន ពុំមានស្លាក ស្នាមអ្វីគួរឲ្យកត់ សម្គាល់ឡើយ។
តាមការសនិដ្ឋានរបស់ លោកគ្រូពេទ្យមណ្ឌល សុខភាព និងសមត្ថកិច្ច ជនរងគ្រោះ ពិតជាធ្វើអត្តឃាត ដោយលេបថ្នាំងងុយដេកសម្លាប់ខ្លួន(ប្រមាណជាង ២០គ្រាប់)ទើបបណ្ដាលឱ្យស្លាប់បែបនេះ ក្រោយពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ ស សម