រថយន្តFord Ranger ពាក់ស្លាកលេខខេមរភូមិន្ទបុកម៉ូតូប៉ើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តFord Ranger ពាក់ស្លាកលេខខេមរភូមិន្ទទៅបុកម៉ូតូដែលបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យប៉ើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ ចំណែកម្ចាស់ម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់និងស្រាល៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវហាណូយ ទល់មុខច្រកចូលហ្រ្គែនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកFord Ranger ពាក់ស្លាកលេខខេមរភូមិន្ទ2-2290ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវខាងលើ ស្រាប់តែមកដល់ចំណុចកើតហេតុមានម៉ូតូម៉ាកស្មាស់វី ស៊េរីឆ្នាំ២០១៣ពាក់ស្លាកលេខ ភ្នំពេញ 1BL-3817 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរបីនាក់ទៀតជាប្រពន្ធ និងកូនតូចៗបានធ្វើដំណើរបញ្រ្ចាសទិសឆ្លងផ្លូវពីលិចទៅកើតមិនទាន់ផុតផងក៏ត្រូវបានរថយន្តបុកពេញទំហឹងបណ្តាលឲ្យខ្ទាតផ្លោងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវរងរបួសធ្ងន់២នាក់ជាឪពុកនិងម្តាយ ចំណែកកូនតូចៗរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ រួចហើយប្រគល់បន្តទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

      

...

ដោយ៖និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print