នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​ដាក់​ខេត្ត​ចំនួន ៧ បន្ថែមទៀត ក្នុងស្ថានភាព​អាសន្ន

ចែករំលែក៖

អន្តរជាតិ៖​ បើតាមការអះអាងពីលោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​១៣ ខែមករា បានប្រកាស​ដាក់​ខេត្ត​ចំនួន ៧ បន្ថែមទៀត ក្នុងស្ថានភាព​អាសន្ន​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការ​រាតត្បាត​របស់​កូ​វីដ​-១៩ នៅក្នុង​ប្រទេស។ ខណៈមកទល់ពេលនេះ ប្រទេសជប៉ុន បានដាក់​ខេត្ត​ចំនួន ១១​ ក្នុងស្ថានភាព​អាសន្ន​ហើយ។

នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៣ ខែមករា ម្សិលមិញនេះ​លោក  ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន បានលើកឡើងថា៖ «​វា​មិនអាច​ប្រកែក​បានឡើយ​ថា កូ​វីដ​-១៩ បាន​ឆ្លងទៅ​យុវជន ហើយ​អ្នក​ទាំងនោះ បាន​យក​ជំងឺ ទៅ​ចម្លង​ជន​ងាយ​រងគ្រោះ​ដោយ​មិនដឹង​ខ្លួន​»​។ហើយដើម្បី​បង្ការ​ករណី​ឆ្លង​កូ​វីដ​-១៩ ដែល​កំពុង​ហក់​ឡើង​ខ្លាំង​នៅក្នុង​ប្រទេស រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ដាក់​ខេត្ត​ចំនួន ៧​បន្ថែមទៀតទៅក្នុង​ស្ថានភាព​អាសន្ន​។ ចំណាត់ការ​នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​១៤ ខែមករា រហូតដល់​ថ្ងៃ ៧ ខែកុម្ភៈ ខាងមុខ​។

លោក  ស៊ូ​ហ្កា បន្ថែមថា ការដាក់​តំបន់​ក្នុងស្ថានភាព​អាសន្ន ប្រហែលជា​វិធានការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាជន ប៉ុន្តែ​ក៏​ជា​វិធានការ​ដ៏​សំខាន់​ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Japan Times​។

​ខេត្ត​ទាំង​៧​ដែល​ជប៉ុន ដាក់​ក្នុងស្ថានភាព​អាសន្ន​លើក​នេះ មានដូចជា  Osaka, Kyoto,  Hyogo,  Aichi, Gifu, Tochigi និង Fukuoka ។មកទល់ពេលនេះ ជប៉ុន បានដាក់​ខេត្ត​ចំនួន ១១ ហើយ ក្នុងចំណោម​ខេត្ត​ក្រុង​ចំនួន​៤៧ របស់ខ្លួន​។

​សម្រាប់​ករណី​ឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ ជប៉ុន នៅតែមាន​អត្រា​ឆ្លង​កម្រិត​ខ្ពស់​។ ក្នុង​ថ្ងៃទី​១៣ ខែមករា អាជ្ញាធរ​សុខាភិបាល​ជប៉ុន បាន​អះអាងថាជប៉ុន​មាន​ករណី​ឆ្លង​ចំនួន ៥១០៣​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៥១​នាក់​ទៀត​។ តួលេខ​សរុប ជប៉ុន​បាន​រកឃើញ​កូ​វីដ​-១៩ ចំនួន ២៩៧៣១៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៤១៤៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ២២៩០៧៣​នាក់​។

ជាមួយគ្នានេះ​ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏បាន​ប្រកាស​ហាមឃាត់​អ្នកជំនួញ មកពី ១១ ប្រទេស មិន​ឲ្យ​ចូលមកក្នុង​ជប៉ុន​ផងដែរ​។ ព្រោះកន្លងមក រដ្ឋាភិបាលជប៉ុន បានចេញ​បម្រាម​មិន​ឲ្យ​អ្នកដំណើរ​បរទេស ដែល​មិន​រស់នៅ​ជប៉ុន ចូលមកក្នុង​ប្រទេស។

​គួរបញ្ជាក់ថា​ ការសម្រេច​ដាក់​តំបន់​មួយចំនួន​ក្នុងស្ថានភាព​អាសន្ន​នេះ ក៏​ដើម្បី​ជួយសង្គ្រោះ​ប្រព័ន្ធ​សុខាភិបាល ក៏ដូចជា​មន្ទីរពេទ្យ ដែល​កំពុងមាន​អ្នកជំងឺ​សម្រាក​ព្យាបាល​ជាច្រើន​នាក់​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល បាន​បង្កើន​កន្លែង​ធ្វើតេស្ត​កូ​វីដ​-១៩ ហើយ​យក​សណ្ឋាគារ ក៏ដូចជា​មន្ទីរពេទ្យ​ផ្សេងទៀត ទុក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ។ ខណៈមន្ទីរពេទ្យ​មួយចំនួន ក្នុង​ខេត្ត​និង​ក្រុង​ស្ថិតក្រោម​ស្ថានភាព​អាសន្ន បាន​ផ្ទុក​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៧០​ភាគរយ​ទៅហើយ​​៕ដោយ៖ស​ តារា

...

រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print