ខេត្តក្រចេះ៖ ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរ ដោយសារតែឆ្លងចរន្ដអគ្គិសនី។
ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុងនេះបានកើតឡើងកាលពីវេលាម៉ោង ៦ៈ៣៥នាទីថ្ងៃទី១៣ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភពពីនគរបាលក្រុងក្រចេះបានឱ្យដឹងថា ករណីនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ហើយម្ចាស់ផ្ទះឈ្មោះសឿន សំ ភេទប្រុស អាយុ២៣ឆ្នាំ។
ប្រភពបន្តថា ផ្ទះនោះមានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីហើយឆេះអស់ទាំងស្រុង និងខូចខាតសម្ភាររួមមាន៖ទូរទស្សន៍១គ្រឿង ,សម្លៀកបំពាក់, គ្រែ១ និងគ្រឿងឈើទុកសម្រាប់ធ្វើផ្ទះប្រហែលជា៣ម៉ែត្រគូបគិតជាប្រាក់ប្រហែល ៥,០០០ដុល្លារនិងសម្ភារប្រើប្រាស់ជាច្រើនទៀត។
ចំពោះករណីខាងលើនេះ នគរបាលបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៣គ្រឿងមកបាញ់ទឹកពម្លត់ទើបរលត់ដោយមិនបណ្ដាលឱ្យឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងទៀតនោះឡើយ និងក៏គ្មានអ្នករងគ្រោះដោយសារហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ៕ដោយ ជីវ័ន្ត