បើករថយន្តសុខៗស្រាប់តែបែកកង់រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនមធ្យម ហើយពេលកំពុងបើកសុខៗស្រាប់តែបែកកង់រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ខែមករាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-4597 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់មុខផ្នែកខាងឆ្វេងហើយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរអស់មួយកង់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញដើម្បីស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ផេង ភាព

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print