ខេត្តកំពង់ចាម៖ បេីតាមការអះអាងពីលោក ផន ផូ មេឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីប្រជាកសិករចំនួន៣៣គ្រួសារ រស់នៅក្នុងឃុំកោះរកា បាននាំគ្នាស្នើសុំមកស្ថាប័នពាក់ព័ន្ធ ដើម្បីសុំដីបង្កបង្កើនផលដែលមានទំហំប្រមាណ៤ទៅ៥ហិកតាស្ថិតនៅទំនប់តាសេក ដើម្បីយកមកគ្រប់គ្រងជាកម្មសិទ្ធិស្របច្បាប់នោះ។ ប៉ុន្តែតាមរយៈការស្នើសុំនេះមិនទាន់មានចម្លើយឆ្លើយតបភ្លាមៗណាមួយនោះទេ ប៉ុន្តែអាជ្ញាធរខេត្តបានឲ្យស្ថាប័នជំនាញពាក់ព័ន្ធត្រូវតែនាំគ្នាថែរក្សាដីសាធារណៈរបស់រដ្ឋ។
លោកមេឃុំកោះរកា បន្តថា បន្ទាប់ពីលោករាយការណ៍ទៅថ្នាក់លេីរួច នៅថ្ងៃទី១៣ ខែមករាថ្មីៗនេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យមើលទីតាំងដីសាធារណៈរបស់រដ្ឋមួយកន្លែងក្នុងតំបន់ «ទំទប់តាសេក» ស្ថិតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ដោយបានឃើញពីស្ថានភាពជាក់ស្ដែងព្រមទាំងបានជួបជាមួយនឹងប្រជាកសិករមួយចំនួនផងដែរ។
ជាមួយគ្នានោះ លោក ផន ផូ ក៏បានបញ្ជាក់ពីដីដែលប្រជាពលរដ្ឋបង្ករបង្កើនផល អាស្រ័យផលគឺក្នុងចន្លោះពី១០ទៅ២០ ឆ្នាំរហូតមកដល់សព្វថ្ងៃនេះ។ ដីប្រជាពលរដ្ឋខ្លះជាប្រភេទប្រឡាយ ក្រលុក លុះពេលដែលទឹកទន្លេមេគង្គ ឡើងមកជន់លិចហូរកាត់បាននាំដីល្បាប់មកចាក់បំពេញហើយដីចេះតែដុះបន្តបន្ទាប់។ ប្រជាពលរដ្ឋទាំង៣៣គ្រួសារ បានមើលឃើញប្រជាពលរដ្ឋនៅក្នុងសង្កាត់សំបួរមាស ដែលមានដីនៅជាប់និងឃុំកោះរកា ត្រូវបានគេចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យដោយសារតែមើលឃើញបែបនេះហើយទើបពលរដ្ឋទាំងនោះ។
ដូច្នេះទេីបប្រជាពលរដ្ឋ បាននាំគ្នាសរសេរលិខិតស្នើសុំមកអាជ្ញាធរស្រុករហូតដល់២ទៅ៣លើក មិនតែប៉ុណ្ណោះក៏បានស្នេីសុំទៅលោក អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងគោលបំណងដើម្បី ស្នើសុំឲ្យមន្ត្រីជំនាញភូមិបាលចុះវាស់វែងធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ដូចអ្នកដែលនៅក្នុងសង្កាត់សំបូរមាស។
ជុំវិញបញ្ហានេះដែរ បើតាមគំនិតរបស់អាជ្ញាធរឃុំគឺចង់ឲ្យដីដែលប្រជាពលរដ្ឋបង្កបង្កើនផលទាំងនោះទទួលបាននូវកម្មសិទ្ធិស្របច្បាប់ តែអាចប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ពេលទទួលបានដីហើយពួកគាត់នាំគ្នាចាក់ដីដែលអាចធ្វើឲ្យស្ទះចរន្តទឹកនោះបង្កឲ្យមានផលវិបាកលិចលង់ដល់ក្រុងកំពង់ចាម នៅផ្នែកណាមួយ។ ម្យ៉ាងវិញទៀតប្រសិនបេីពលរដ្ឋបរិច្ចាគដីម្នាក់១០ទៅ២០ %ហើយរៀបចំដាក់ប្រព័ន្ធលូត្រឹមត្រូវនឹងបង្វែរចរន្តទឹកនោះនឹងអាចចៀសផុតពីការលិចលង់ផងដែរ។
ដោយឡែកលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សូមបន្តរួមគ្នាការពារដីធ្លី-ត្រពាំង-បឹងបួរ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលថ្នាក់ដឹកនាំយើងជំនាន់មុនៗបានរក្សាទុកដើម្បីជាប្រយោជន៍សម្រាប់កូនចៅយើងជំនាន់ក្រោយៗដោយមិនឲ្យបាត់បង់នោះទេ៕ដោយ៖សហការី