ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនសាធារណជន ចំពោះការផ្សាយរបស់ facebook page ឈ្មោះ Kamsan Chet

ចែករំលែក៖

ខេត្តកណ្ដាល៖  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបកស្រាយបំភ្លឺជូនសាធារណជន ចំពោះការផ្សាយរបស់ facebook page ឈ្មោះ Kamsan Chet ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ ដកស្រង់ចេញពីគណនីហ្វេសបុកឈ្មោះ Ven Phannith មានខ្លឹមសារថា «នេះវីដេអូ ចោរស្រី វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ មុនដំបូងវានាំកូនខ្ញុំថាទៅទិញ អីវ៉ាន់ បន្ទាប់មកវាក៍យកម៉ូតូមកឌុបកូនខ្ញុំទៅ វាយកកូនខ្ញុំទៅទុកចោលនៅតាខ្មៅ វាជិះម៉ូតូកូនទា ពណ៌ក្រហម មេីលផ្លាកលេខមិនច្បាស់ ហេីយសំណាងបានបងស្រីម្នាក់ឃេីញហេីយជូនមកដាក់នៅសាលាបឋមតាខ្មៅ ហេីយក៍បាននាយកសាលាបឋមតាខ្មៅ សួរនាំ ហេីយក៍ជូនមកដល់សាលាស្វាយរលំវិញ វាចាប់កូនខ្ញុំនៅម៉ោង 9:41am 13.01.2021 ជួយស៊ែរកមុខវាផង»។

ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់។

ជាលទ្ធផល៖ អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ឱ្យដឹងថា៖
-ជាអំពើលួច
-កើតហេតុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤១នាទី នៅចំណុចសាលាបឋមសិក្សាតាម៉ាកុរស្មីសាមគ្គី ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

-ជនសង្ស័យ ១នាក់ ភេទស្រី មិនស្គាល់អត្តសញ្ញាណ ពាក់អាវពណ៌ក្រហម ជិះម៉ូតូកូនទា។

-ជនរងគ្រោះឈ្មោះ វិរៈ សុផាយុ ភេទប្រុស អាយុ ៧ឆ្នាំ សិស្សថ្នាក់ទី១ នៃសាលាបឋមសិក្សាតាម៉ាកុរស្មី មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

-ទ្រព្យសម្បត្តិបាត់បង់ មានខ្សែក និងខ្សែដៃប្លាទីនទំងន់ ៣ជី។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះកំពុងចេញលេងនៅក្នុងបរិវេណសាលា ស្រាប់តែមានជនសង្ស័យបានជិះម៉ូតូកូនទាចូលមកចុះដើរចូលទៅជិតជនរងគ្រោះហើយនិយាយថា “ម៉ាក់ឱ្យមកយក” ជនរងគ្រោះមិនចង់ទៅទេ តែជនសង្ស័យបាននិយាយថា “ទៅជាមួយមីងទិញអីវ៉ាន់ឱ្យអូនលេង” ជនរងគ្រោះក៏ទៅជាមួយហើយក៏ដឹកដៃលើកដាក់ម៉ូតូពីខាងមុខហើយជិះចេញមកទិសខាងជើង ។ ពេលមកដល់ការដ្ឋានខ្សាច់ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ជនសង្ស័យបាននិយាយថា “ឈប់ដោះខ្សែក និងខ្សែដៃសិន ខ្លាចចោរលួច” ក្រោយពីដោះរួចក៏បន្តដំណើរមកទៀត ។ ពេលជិះបណ្តើរជនសង្ស័យបាននិយាយប្រាប់មកជនរងគ្រោះថាទៅផ្សារតាខ្មៅទៅទិញអីវ៉ាន់លេងរួចចាំទៅផ្ទះ។

លុះជិះមកដល់ផ្សារកាច់ជ្រុង សង្កាត់តាខ្មៅ ជនសង្ស័យបានទម្លាក់ជនរងគ្រោះចោល ហើយនិយាយប្រាប់ជនរងគ្រោះថា “ចាំហ្នឹងហើយ មីងទិញអីវ៉ាន់ឱ្យអូនលេង” រួចក៏គេចខ្លួនបាត់ដោយចាំយូរពេកជនរងគ្រោះបានឃើញមនុស្សស្រីម្នាក់បានដើរមកជិតខ្លួនក៏ប្រាប់ថា “មីងជូនខ្ញុំទៅសាលា” ដោយឃើញស្ថានភាពជនរងគ្រោះក៏សួរនាំដោយនឹកស្មានថាជាសិស្សរៀននៅសាលាក្បែរនេះក៏ឌុបយកទៅសាលាបឋមតាខ្មៅ ។ ពេលទៅដល់ទីនោះលោកគ្រូនាយរងឆ្លើយថា មិនមែនជាសិស្សរបស់គាត់ទេ ។ លោកនាយករង និងស្ត្រីខាងលើបម្រុងដឹកជនរងគ្រោះមកប៉ុស្តិ៍តាខ្មៅ តែពេលមកដល់ផ្លូវ២១A ជនរងគ្រោះបាននិយាយប្រាប់ថា ផ្ទះខ្លួនទៅតាមនេះ លោកនាយករង និងបងស្រីបានជូនទៅដល់សាលាតាម៉ាកុរស្មីសាមគ្គី ធ្វើការប្រគល់ជូនគ្រូ និងម្តាយជនរងគ្រោះនៅទីនោះទៅ ហើយត្រឡប់មកផ្ទះរៀងៗខ្លួនតែម្តង។

រហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩ និង៣០នាទី កម្លាំងយើងបានធ្វើការស្រាវជ្រាវ សួរបំភ្លឺលោកនាយរងសាលាបឋមតាខ្មៅ និងម្តាយជនរងគ្រោះ ករណីនេះពិតជាមានដូចការរៀបរាប់ខាងលើប្រាកដមែន។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

សូមអរគុណ!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print