ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អនុប្រធានស.ស.យ.ក. ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធានស.ស.យ.ក ខេត្តស្វាយរៀងបានអញ្ជើញជួបសំណេះសំណាល និងចែកសម្ភារជូនដល់លោកគ្រូ អ្នកគ្រូចំនួន១២នាក់ និងសិស្សានុសិស្សសរុប២៨០នាក់ នៃសាលាបឋមសិក្សាទួលច្រេស ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនៅថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះមានការចូលរួមពីលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងជាអនុប្រធានក្រុមការងារស.ស.យ.ក ចុះជួយស្រុកស្វាយជ្រំ លោក កៅ សំអាន សមាជិកស.ស.យ.ក.ខេត្ត លោកស្រីជំទប់ឃុំ សមាជិកក្រុមប្រឹក្សាឃុំបាសាក់ មេភូមិ អនុប្រធានភូមិ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកស្វាយជ្រំ-ឃុំបាសាក់ ជាច្រើនរូបផងដែរ។
មានមតិសំណេះសំណាលក្នុងឱកាសនោះលោក តូច ប៉ូលីវ៉ា បាននាំសារសួរសុខទុក្ខ នឹករលឹកព្រមទាំងការផ្តាំផ្ញើសូមឲ្យបន្តអនុវត្តវិធានការការពារ សុវត្ថិភាព អនាម័យ ដើម្បីរួមគ្នាបន្តទប់ស្កាត់បង្ការការរីករាល ដាលនៃជំងឺកូវីដ-១៩ ពីសំណាក់លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ជូនដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុ សិស្សទាំងអស់ផងដែរ។
ក្នុងឱកាសនោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបឋមសិក្សាទួលច្រេស បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណដល់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែយកចិត្តទុកដាក់ និងមានសន្តានចិត្តដ៏ល្អប្រពៃចំពោះសុខទុក្ខ និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ជាក់ស្តែងដូចជាការចែករំលែកនូវក្តីស្រលាញ់ចំពោះវិស័យអបរំនៅថ្ងៃនេះជាដើម។
បន្ទាប់មកលោកតូច ប៉ូលីវ៉ា និងក្រុមការងារក៏បានផ្ដល់កាបូបមួយនិងថវិកា១០ម៉ឺនរៀលដល់លោកគ្រូ អ្នកគ្រូ ចំនួន១២នាក់ និងជូនសិស្សានុសិស្ស ២៨០នាក់ក្នុងម្នាក់ៗទទួលបានកាតាបស្ពាយ១ សៀវភៅ២ក្បាល ប៊ិក២ដើម បន្ទាត់១ដើម ខ្មៅដៃ១ដើម ជ័រលុប ប្រដាប់ចិតខ្មៅដៃ១ និងថវិកា៥ពាន់រៀល៕ យឹម សុថាន