រដ្ឋមន្ត្រី ថោង ខុន សម្ពោធអគារសិក្សាថ្មីមួយខ្នងនៅស្រុកតាំងគោក, គ្រូ អាណាព្យាបាល សិស្សត្រេកអរពន់ពេកចំពោះសមិទ្ធផលថ្មីនេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានសម្ពោធដាក់ប្រើប្រាស់ផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង នៅសាលាបឋមសិក្សាឧទុម្ពរ ស្ថិតក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាំក្ដីត្រេកអរពន់ពេកចំពោះអាជ្ញាធរមូលដ្ឋាន លោកនាយក លោកគ្រូ-អ្នកគ្រូ ឪពុកម្ដាយ-អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សទាំងឡាយ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា អគារសិក្សាថ្មីនេះមាន ៦បន្ទប់ ដែលបានចាប់ផ្តើមសាងសង់នៅខែមិថុនា ឆ្នាំ២០១៩ និងទើបបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាការជួយឧបត្ថម្ភថវិការបស់លោករដ្ឋមន្ត្រី ថោង ខុន និងសប្បុរសជន ហើយត្រូវបានប្រសិទ្ធនាមថាជា «អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»។ អគារសិក្សានេះសាងសង់អំពីប្រភេទបេតុង សរសរធ្នឹម ជញ្ជាំងរៀបឥដ្ឋ គ្រោងដំបូលធ្វើអំពីដែក និងប្រក់ស័ង្កសីប្រណិត បាតក្រោមរៀបការ៉ូទាំង ៦បន្ទប់ បង្អួច ទ្វារធ្វើអំពីដែក តុ កៅអីអង្គុយធ្វើអំពីដែកបិទកុំផ្លាកេ។ ព្រមជាមួយនេះ ក៏មានបំពាក់ប្រព័ន្ធអគ្គិសនី អំពូលភ្លើង កង្ហារ និងរៀបចំដាំផ្កាផងដែរ សរុបថវិកាចំណាយ ៦២,០០០ ដុល្លារអាមេរិក។

លោក សុត សារ៉ន នាយកសាលាបឋមសិក្សាឧទុម្ពរ ព្រមទាំងលោក សូ សេង មេភូមិឧទុម្ពរ ក៏ដូចជាអាណាព្យាបាលសិស្ស បានបង្ហាញនូវការភាពសប្បាយរីករាយចំពោះការទទួលបានអគារសិក្សាថ្មីនេះ ដែលនឹងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស រួមចំណែកដល់ការលើកកម្ពស់គុណភាពវិស័យអប់រំ សិក្សាធិការនៅក្នុងមូលដ្ឋាន។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តាំផ្ញើដល់លោកនាយកសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សទាំងអស់ត្រូវចូលរួមអនុវត្ត៖

* អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពសិក្សាក្នុងបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។

* លើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម ៣ការពារ ៣កុំ ពិសេសចូលរូមទប់ស្កាត់ការឆ្លងកូវីដ-១៩នៅសាលារៀន ការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាត ១.៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ ព្រមទាំងបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ជុំវិញការបង្ការ ទប់ស្កាត់នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកុំឱ្យជំងឺដ៏កាចសាហាវនេះឆ្លងមកដល់ក្នុងសហគមន៍របស់ខ្លួន។

* ខិតខំរៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍សាលារៀនឲ្យក្លាយជាសាលាកុមារមេត្រី ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនដែលមានប្រសិទ្ធភាព។ លោកគ្រូ អ្នកគ្រូត្រូវបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងខិតខំវប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងផ្នែកចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្សឲ្យមានចំណេះដឹងទូលំទូលាយ។

* សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី និងអ្នកបន្តវេនប្រកបដោយថាមពល និងសក្តានុពលទៅអនាគតសម្រាប់ប្រទេសជាតិ។ មាតាបិតា និងអាណាព្យាបាលសិស្សត្រូវផ្តល់ការគាំទ្រលើកទឹកចិត្ត និងកម្លាំងចិត្តដល់កូនឲ្យខិតខំប្រឹងប្រែងរៀនសូត្រនៅសាលារៀន និងបង្រៀនបន្ថែមដល់កូនពេលនៅផ្ទះ ពិសេសត្រូវចូលរួមថែរក្សាអគារសិក្សា សាលារៀនឲ្យបានស្អាត មានសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អ។

លោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយក្រុមការងារចុះជួយឃុំស្រឡៅ ក៏បាននាំយកអំណោយឧបត្ថម្ភសាលាអនុវិទ្យាល័យឧទុម្ពរនូវថវិកា ១លានរៀល និងម៉ាស់ ១ពាន់ម៉ាស់, ឧបត្ថម្ភសាលាបឋមសិក្សាឧទ្ទុម្ពរថវិកា ១លានរៀល និងម៉ាស់ ១ពាន់ម៉ាស់, លោកគ្រូ អ្នកគ្រូ ២៦នាក់ ក្នុងម្នាក់ទទួលបានសារុង ១ ថវិកា ៥ម៉ឺនរៀល ថ្នាំពេទ្យ TIFFY ៣បន្ទះ, ប្រជាពលរដ្ឋចូលរួម ១៥០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង ១ ថវិកា ១ម៉ឺនរៀល ថ្នាំពេទ្យ TIFFY ៣បន្ទះ, សិស្សានុសិស្សចូលរួម ១៥០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម ខ្មៅដៃ ១ដើម និងថវិកា ១ម៉ឺនរៀល, សិស្សានុសិស្សនៅអនុវិទ្យាល័យ និងបឋមសិក្សាឧទុម្ពរទាំងអស់ ១,១៥១នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម និងខ្មៅដៃ ១ដើម៕ដោយ៖សូ រិយា

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print