ក្រោយពេលប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកលោកបៃឌិនប្រកាសថា នឹងផ្លាស់ប្តូរនយោបាយជនភៀសខ្លួនដែលលោកត្រាំបានអនុម័តនាពេលកន្លងមក ។ ការប្រកាសនោះបានធ្វើឲ្យជនភៀសខ្លួនសម្រុកទៅកាន់ព្រំដែនអាមេរិកដើម្បីរកឱកាសចូលទៅក្នុងទឹកដីអាមេរិកក្រែងលោបានផ្លាស់ប្តូរជោគវាសនា។
ក្រុមជនភៀសខ្លួនមកពីតំបន់អាមេរិកកណ្តាលបានសម្រុកទៅកាន់ព្រំដែនម៉ិចស៊ីកូ-អាមេរិក ដោយរង៉ចាំការកែប្រែនយោបាយរបស់ប្រធានាធិបតីថ្មីចូ បៃឌិនដែលត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក មានជនភៀសខ្លួនជាង៧០០០ពាន់នាក់ចូលទៅកាន់ព្រំដែនជាប់អាមេរិក។ តាមរូបភាពដែលសារព័ត៌មានរ៉យ
ទ័របានផ្សព្វផ្សាយ គឺជនភៀសខ្លួនជាច្រើនធ្វើដំណើរដោយថ្មើរជើង ទៅកាន់ព្រំដែនអាមេរិក។
ប្រធានាធិបតីជាប់ឆ្នោតថ្មីលោកបៃឌិន ក្រោយចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា លោកនឹងអនុម័ត ច្បាប់ស្តីពីជនភៀសខ្លួន។ គោលនយោបាយជនភៀសខ្លួនរបស់លោកបៃឌិននឹងបើកផ្លូវឲ្យក្លាយជាពលរដ្ឋអាមេរិកស្របច្បាប់ដល់ជនភៀសខ្លួនប្រមាណ ១១លាននាក់ដែលរស់នៅខុសច្បាប់ក្នុងទឹកដីអាមេរិក។
ប្រធានាធិបតីថ្មីមកពីគណបក្សប្រជាធិបតេយ្យក៏មានបំណងបញ្ចប់នយោបាយដែលលោកត្រាំអនុម័តដើម្បីរារាំងជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិក ក្នុងនោះមានការបង្ខាំងជនភៀសខ្លួននៅម៉ិចស៊ីកូ មិនឲ្យចូលទឹកដីអាមេរិកជាដើម ។
ពាក់ព័ន្ធការកែប្រែច្បាប់ជនភៀសខ្លួន លោកត្រាំបានប្រកាសថា ការផ្លាស់ប្តូរនឹងបង្កឲ្យមានជនភៀសខ្លួនកាន់តែច្រើនចូលទឹកដីអាមរិក ។ ដើម្បីទប់ស្កាត់ជនភៀសខ្លួន លោកត្រាំ បានខិតខំកសាងជញ្ជាំងព្រំដែនអាមេរិក- ម៉ិចស៊ីកូ។
ចំណែកប្រធានាធិបតីថ្មីចូ បៃឌិនវិញ បានប្រកាសថា លោកនឹងផ្អាសកម្មភាពសាងសង់ជញ្ជាំងព្រំដែន ដោយផ្តោតសំខាន់ទៅលើបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងព្រំដែនវិញ ៕
រូបភាព៖ Reuters