ភ្នំពេញ ៖ យុវជន២នាក់បើកម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅ ប៉ះ ពីក្រោយរថយន្តមិនចាំម៉ាកមួយគ្រឿង រួចរេចង្កូតឆ្លងផ្លូវទៅបុកចូល ក្រោមរថយន្តមួយគ្រឿង ទៀតដែលកំពុងបើកបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើង នៅម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ម៉ុន គួង អាយុ១៩ឆ្នាំ មាន ប្រពន្ធនិង កូនមួយ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញយុវជន២នាក់ បើកម៉ូតូឌុបគ្នាម៉ាក ហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខបាត់ដំបង1AD-1820 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈ មកដល់ ចំណុចកើតហេតុ បាន ទៅ ប៉ះ ពីក្រោយ រថយន្ត នៅខាងមុខ មិន ចាំ ម៉ា ករួច ក៏ ជ្រុល ចង្កូត ឆ្លងផ្លូវទៅបុក ចូល ក្រោម រថយន្ត ម៉ាក TOYOTA VIGO ពាក់ស្លាកលេខ 2AA-2121 ដែលបើកក្នុងទិសដៅ ពីជើងទៅត្បូងបណ្តាលឲ្យកិនស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួស ស្រាល ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់បាន ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ