ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តម៉ាកព្រូសដែលបើកមិនប្រកាន់ស្ដាំបាន
បុកម៉ូតូហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ១៤០-១៤១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះដែលជិះម៉ូតូមានឈ្មោះយស់ វុទ្ធី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តម៉ាកវីស្តូដែលរបួសធ្ងន់មានឈ្មោះ អួក ស៊ីថន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ រស់នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ប្រភពបន្តថា រីឯអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BJ-៥៧៥៦បើកក្នុងទិសដៅពីកើតទៅលិចលើផ្លូវជាតិលេខ១មិនប្រកាន់ស្ដាំស្រាប់តែទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១K -៣២៣៦ ចំពីមុខក្នុងទិសដៅផ្ទុយគ្នាពេញទំហឹង រួចរថយន្តនេះបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក វីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៨៧៧៤ ចំពីមុខក្នុងទិសដៅផ្ទុយគ្នាបន្ថែមទៀតបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយមកអ្នករងរបួសទាំង២នាក់ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុកស្វាយទាប រីឯមធ្យោបាយធ្វើដំណើរទាំងបីគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន