ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡារួមជាមួយលោកតំណាងរាស្ត្រ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាល នៃគណៈអភិបាលខេត្ត ចូលរួមជាគណៈអធិបតីពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ របស់សាកលវិទ្យាល័យជាតិមានជ័យ ។
លោករដ្ឋលេខាធិការបានថ្លែងថា, បើទោះបីជាប្រទេសកម្ពុជា និងពិភពលោក កំពុងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពីជំងឺនេះយ៉ាងណាក្តី ក៏ប្រមុខរាជរដ្ឋាភិបាល នៅតែប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២១-២០២១ ដ៏មានសារៈសំខាន់ ក្រោមទស្សនាទានថ្មីគឺ “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ព្រោះវាជាស្នូរជួងបន្លឺទៅដល់សិស្សានុសិស្ស និស្សិត ឳពុកម្តាយ អាណាព្យាបាល បានជ្រាបថា កូនៗរបស់ពួកគាត់ បានចូលសិក្សាវិញ បន្ទាប់ពីធ្វើវិស្សមកាល (វ៉ាកងធំ) អស់មួយរយៈកន្លងទៅ ។
លោកបន្តថា,ចាប់ពីខែមីនា ឆ្នាំ២០២០ មកដល់ពេលនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការបង្ការ និងទប់ស្កាត់ពីការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយផ្តោតលើ ៖
-ការអនុវត្តវិធានការសុវត្ថិភាពសុខភាព សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស
-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន
-ការរៀបចំប្រព័ន្ធអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ និងអនុញ្ញាតអោយដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់កាល។ ទាំងអស់នេះធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សានៅតែបន្តទទួលបានសេវាតាមគ្រប់រូបភាព«ការអប់រំតាមបែបចម្រុះ» ដែលសិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផង ។
លោក ស សុខា បានលើកឡើងថា, ក្រសួងអប់រំ យុជន និងកីឡា បានខិតខំជំរុញការអប់រំតាមបែបឌីជីថលនិងការអប់រំពីចម្ងាយ ដោយប្រើប្រាស់សន្លឹកកិច្ចការ និងមេរៀនសង្ខេប ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា រៀបចំផលិត ផ្សព្វផ្សាយវីដេអូ បង្រៀនតាមប្រព័ន្ធទូរទស្សន៍មួយចំនួន ។ល។
លោកបានរំលឹកថា, សូមលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗសិស្ស និស្សិតទាំងអស់ ត្រូវប្រកាន់ជំហរ និងមានជំនឿជាក់លើខ្លួនឯង ត្រូវតស៊ូព្យាយាម អត់ធ្មត់ក្នុងការសិក្សាដើម្បីឈានទៅសម្រេចក្តីស្រមៃ និងក្តីប៉ងប្រាថ្នានៅពេលអនាគត ព្រមទាំងលះបង់នូវពាក្យ ចំនួន ៥ ដែលមិនគួរនិយាយ ឬទុកនៅក្នុងចិត្តនោះឡើយ ៖
១-ពាក្យ “ពិបាក” ក្រោយពេលដែលនិយាយពាក្យពិបាក នោះវានឹងរារាំងដល់សមត្ថភាពរបស់យើង មួយរំពេច។ ប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្តនោះ យើងមិនអាចជម្នះនូវឧបសគ្គទាំងឡាយក្នុងជីវិតនោះទេ ។
២-ពាក្យ “ធ្វើមិនបាន” ព្រោះពាក្យនោះវានឹងក្លាយទៅជាភាពទន់ជ្រាយដែលឱ្យយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើ ឬក៏បិទបាំងនូវចំណេះដឹងថ្មីៗ ដែលយើងមិនធ្លាប់ជួប។ យើងត្រូវគិតថា គ្មានអ្វីមួយដែលធ្វើមិនបាននោះទេ គ្រាន់តែពេលខ្លះ វាត្រូវការពេលវេលាតែប៉ុណ្ណោះ។ ការព្យាយាមនឹងបានសម្រេច។
៣-ពាក្យ “អស់សង្ឃឹម” ព្រោះពាក្យនេះនិយាយចេញមកពេលណា កម្លាំងទាំងអស់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត នឹងត្រូវបាក់ស្រុតចុះ។ ត្រូវចេះលើកទឹកចិត្តខ្លួនឯង និងមានក្តីសង្ឃឹមជានិច្ច។
៤-ពាក្យ “ខ្ជិល” ពាក្យនេះមិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយ ព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវ។ ប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្ត វាស្មើនឹងការទទួលយកនូវការបរាជ័យក្នុងជីវិតបាត់ទៅហើយ។
៥-ពាក្យ “ហត់” នៅពេលដែលយើងនិយាយពាក្យទាំងនេះចេញមក រាងកាយទាំងមូល នឹងតបស្នងមកវិញនូវភាពហេវហត់ ទន់ខ្សោយមួយរំពេច។ ធ្វើអ្វីក៏ដោយ យើងត្រូវតែចេះប្រមាណកម្លាំង ឬស្ទាបស្ទង់កម្លាំង ពេលខ្លះបើហត់ត្រូវសម្រាកបន្តិចឱ្យមានកម្លាំង រួចធ្វើដំណើតទៅមុខបន្តទៀត នោះទើបយើងអាចសម្រេចលទ្ធផល៕
ដោយ, សុខ ខេមរា