ភ្នំពេញ៖ បុរសម្នាក់ ត្រូវជនមិនស្គាល់មុខវាយបណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង១២ និង១២នាទី ត្រូវនឹងថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន រួចបញ្ជូនទៅកន្លែងបន្សាបគ្រឿងញៀន នៅចំណុចផ្លូវ២០១១ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ៖ឈ្មោះ ម៉ូយ សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ស្លាកស្នាមបន្សល់ទុក៖ ១.ស្នាមជាំហើមនៅក្បាលជំហៀងខាងស្ដាំកកឈាមចំនួន០១កន្លែង។ ២.ស្នាមជាំនៅលើចុងដង្ហើម និងរង្វង់ភ្នែកសងខាងមានស្នាមជាំខ្មៅ។
តាមការបំភ្លឺរបស់ឈ្មោះ គង់ ឆុន និងឈ្មោះ ហែម សុផាន់ណា បានរៀបរាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌសែនសុខ បានដឹក ជនរងគ្រោះឈ្មោះ ម៉ូយ សំណាង ដោយមានភ្ជាប់ឯកសារមកដើម្បីចូលសំរាកព្យាបាលជាតិនិងស្ដានីតិសម្បទានិងបន្សាបគ្រឿងញៀន ដែលដាក់ជនរងគ្រោះស្នាក់នៅអាគារខាងលិច បន្ទប់លេខ០៧ ជាមួយអ្នកព្យាបាលបន្សាបគ្រឿងញៀន ចំនួន៣៨នាក់។
រហូតដល់ថ្ងៃខែម៉ោងកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះមានអាការៈមិនប្រក្រតី ក៏បានហៅមកសួរនាំជនរងគ្រោះក៏បានប្រាប់ថាមិនស្រួលខ្លួននិងថប់ដង្ហើម ភ្លាមនោះបុគ្គលិកក៏បានបញ្ជូនជនរងគ្រោះទៅគ្រូពេទ្យប្រចាំនៅមជ្ឈមណ្ឌលដើម្បីសង្គ្រោះបន្ទាន់ ដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់តែម្ដង។
ការសន្និដ្ឋានរបស់សមត្ថកិច្ច ឆ្លងតាមការបំភ្លឺនៅជុំវិញកន្លែងកើតហេតុ ការពិនិត្យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ឧកញ៉ាវិជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យ រាជធានីភ្នំពេញ ថាជនរងគ្រោះបានស្លាប់ដោយសារការប៉ះទង្គិចក្បាលនិងខ្លូនប្រាណធ្ងន់ធ្ងរ។ ដោយមានការឯកភាពពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ងារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អោយសមត្ថកិច្ចយើងធ្វើការប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ព្រែកសំរោង