ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំវិសាមញ្ញដើម្បីក្តាប់ពីកិច្ចការងារសំខាន់ៗមួយចំនួន និងដាក់ចេញទឹសដៅអនុវត្តន៍បន្ត នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ កងទ័ពជើងគោក (ខេត្តសៀមរាប) ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ និង៤២ តំបន់ប្រតិបត្តិការសឹករងសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ កងការពារព្រំដែនគោកលេខ ៤០២ និង៤០៣ និងការិយាល័យ អង្គភាព ស្ថាប័នជំនាញ ចំណុះយោធភូមិភាគទី៤ ទាំងអស់។
ស្ថិតក្នុងពិធីនេះ មេបញ្ជាការ បានដាក់ចេញផែនការដ៏ម៉ត់ចត់ដល់អង្គភាពពាក់ព័ន្ធដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនដែលស្ថិតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ក៏ដូចជានៅតាមច្រករបៀង ត្រូវយកចិត្តទុកដាក់ខ្ពស់តាមដានក្នុងការទប់ស្កាត់ពលករដែលត្រឡប់មកពីប្រទេសថៃដែលគេចវេសក្នុងការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ និងឲ្យអង្គភាពចំណុះយោធភូមិភាគទាំងអស់ត្រូវពិនិត្យកំដៅរាល់ការចេញចូលរបស់យោធិនគ្រប់រូប និងជំរុញការិយាល័យសុខាភិបាល ចុះធ្វើការផ្សព្វផ្សាយនៅតាមអង្គភាពចំណុះនីមួយៗ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ដឹកនាំរបស់រាជរដ្ឋាភិបាល៕
ដោយ, សិលា