ខេត្តកំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញជាអធិបតី ក្នុងពិធី បាញ់ គ្រាប់ ពិត វគ្គ ហ្វឹកហ្វឺន ប្រចាំឆ្នាំ២០២០ របស់ តំបន់ ប្រតិបត្តិការ សឹករងព្រះសីហនុ នៅសាលាពលទាហានទី៣ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១
លោក គួច ចំរើន អភិបាលខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះបងប្អូនយុទ្ធជន ដែលបានខិតខំបំពេញបេសកកម្មបម្រើជាតិមាតុភូមិ ប្រកបដោយជោគជ័យត្រចះត្រចង់ ចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ និងសុខសន្តិភាពរយៈពេលកន្លងមក ហើយបានចូលរួមថែរក្សាការពារសន្តិសុខសង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយប្រឆាំងដាច់ខាតចំពោះក្រុម ដែលចេតនា ប្រឆាំងមកលើរាជរដ្ឋាភិបាល ។ លោកក៏បានឧបត្ថម្ត ថវិកា ដល់សិក្ខាកាម យោធាចារ្យ គ្រូគ្រប់គ្រងទីលានបាញ់សុីបផងដែរ។
លោកឧត្តមសេនីយ៍ឯក យឿន សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាពទី៣ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ តាមក្បួនយុទ្ធសាស្ត្រដោយស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ កាត់បន្ថយការបង្ហូរឈាមលើសមរភូមិប្រយុទ្ធ ត្រូវស្មោះត្រង់ចំពោះជាតិ មាតុភូមិ មានមនសិកាស្នេហាជាតិ ការពារ ឲ្យបាននូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងត្រូវគោរពវិន័យ អាកប្បកិរិយាថ្លៃថ្នូរ សកម្មក្នុងការងារ មានចិត្តក្លាហានមោះមុត មានការទទួលខុសត្រូវ មានសាមគ្គីភាពល្អ និងស្មោះត្រង់ជានិច្ច ចំពោះថ្នាក់ដឹកនាំ ត្រូវបន្តខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក។
មេបញ្ជាការយោធភូមិភាគទី៣ បានបញ្ជាក់ថា ដើម្បីក្លាយជាយោធិនមានសមត្ថភាពខ្ពស់ ត្រូវមានចំណេះដឹងគ្រប់មុខជំនាញ ដើម្បីយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវលើកកម្ពស់ស្មារតី គ្រប់គ្រងថែរក្សាសម្ភារៈបរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ឲ្យបានល្អ ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕
ដោយ, សិលា