ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ​ ស្នើរសុំឲ្យអាជ្ញាធរសង្កាត់ចាក់អង្រែក្រោមជួយដោះស្រាយរឿងអ៊ូរសាឡង់បូមខ្សាច់បង្កការភ័យខ្លាចដល់ពួកគាត់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅតាមបណ្តោយដងទន្លេបាសាក់ ស្ថិតនៅភូមិទួលរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងរស់នៅទាំងភ័យខ្លាចដោយសារការរំញ័រ នៃម៉ាស៊ីនបូមខ្សាច់ និងកម្លាំងច្រានទឹកពីស្លាបចាក់អ៊ូរសាឡង់បូមខ្សាច់ អង្រួនផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ខ្លះបាក់បែកប្រះស្រាំ សូម្បីតែរកពេលសម្រាន្តក៏មិនបាន ពោលការរស់នៅរបស់ពួកគាត់ គឺគ្មានផាសុកភាពឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ ក្នុងភូមិទួលរកា តាមដងទន្លេបានឱ្យដឹងថា សាឡង់បូមខ្សាច់នៅចំណុចខាងក្រោយផ្ទះរបស់ពួកគាត់ប្រហែលជាង២០ម៉ែត្រ ទៅ៣០ម៉ែត្រប៉ុណ្ណោះ នៅពេលគេបញ្ឆេះម៉ាស៊ីនរោទ៍ដើម្បីបូមខ្សាច់ចេញពីសាឡង់នោះ ផ្ទះរបស់គាត់ទាំងមូលញ័ររញ្ជួយគ្រប់ទាំងអស់ធ្វើឲ្យគាត់មានការភ័យខ្លាចជាខ្លាំង។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋបន្តថា ផ្ទះគាត់មានការប្រេះជាច្រើនកន្លែង ចាប់តាំងទ្វារមុខរហូតដល់ទ្វារក្រោយ។ ដូច្នេះផ្ទះរបស់គាត់អាចនឹងបាក់ស្រុតចូលក្នុងទន្លេនៅថ្ងៃណាមួយជាមិនខាន។

ប្រជាពលរដ្ឋបន្តថា ចាប់តាំងពីមានសាឡង់បូមខ្សាច់មកឈរបូមនៅចំណុចខាងក្រោយផ្ទះគាត់មក ក៏កើតការបាក់ច្រាំងជាគំហុក និងមានការប្រេះផ្ទះសម្បែងបែបនេះ ដោយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ផ្ទះសម្បែងរបស់គាត់ ព្រោះក្រុមហ៊ុនបូមខ្សាច់ធ្វើឲ្យផ្លូវប្រឈមនឹងការស្រុតចុះ ឬបាក់ច្រាំង ដោយសាររំញ័រ។ម្យ៉ាងវិញទៀតអ៊ូសាឡង់បូមខ្សាច់ចតនៅក្បែរផ្ទះពួកគាត់បែបនេះ ធ្វើឲ្យពួកគាត់ពិបាករស់នៅ សម្រាន្តមិនបាន ដោយសំឡេងម៉ាស៊ីនបូមខ្សាច់លាន់ទ្រហឹងរញ្ជួយផ្ទះ ចំណែកឯកូនៗពួកគាត់មិនអាចរៀនសូត្រកើតនោះទេដោយសារសំឡេងរំខាននេះ។

ដោយសារមានបញ្ហាបែបនេះហើយ ទើបពួកគាត់ស្នើទៅអាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការចំពោះក្រុមហ៊ុនបូមខ្សាច់ទាំងនេះផង កុំឲ្យគេចតសាឡង់បូមខ្សាច់អែបច្រាំង និងគោរពពេលវេលារបស់ប្រជាពលរដ្ឋផង និងកុំឲ្យប៉ះពាល់ដល់ទន្លេសាបផងដែរ។

ប្រភពពីប្រជាពលរដ្ឋដដែលបានឲ្យដឹងទៀតថាកន្លងមកប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើនេះធ្លាប់បានរាយការណ៍ជូនទៅអាជ្ញាធរសង្កាត់រួចហើយដែរ ប៉ុន្តែមិនឃើញមានចំណាត់ការណាមួយទាល់តែសោះ ដោយប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើនេះសង្ឃឹមថាអាជ្ញាធរនឹងមានចំណាត់ការឲ្យបានតឹងរ៉ឹងទៅលើក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពនេះ។

ដោយឡែកពាក់ព័ន្ធបញ្ហាខាងលេីនេះដែរអង្គភាពកាសែតនគរវត្តនិងនគរដ្រេហ្គនបានទូរស័ព្ទទៅលោកពេជ្រកែវមុន្នីអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនៅរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២១នេះដើម្បីសុំការពន្យល់ចំពោះករណីខាងលើនេះដែរ ប៉ុន្តែទូរស័ព្ទមិនចូល។

ទាក់ទិននឹងបញ្ហានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានប្រាប់អង្គភាពកាសែតនគរវត្តនិងនគរដ្រេហ្គនបានទូរស័ព្ទនៅរសៀលថ្ងៃទី១៨ខែមករានេះដែរថា ទីតាំងសាឡង់បូមខ្សាច់ខាងលើនេះ មានច្បាប់អនុញ្ញាតិត្រឹមត្រូវ គឺមានស.ជ.ណ ឲ្យបូមខ្សាច់ស្តារក្បាលទន្លេ។ លោកបន្ថែមថា ចំពោះសូមណូពររបស់ប្រជាពលរដ្ឋលោក ពេជ្រកែវមុន្នីអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានធ្វើរបាយការណ៍ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋផងដែរ ៕ដោយ៖និន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print