ភ្នំពេញ៖ កងកម្លាំងកងទ័ពទាំងអស់មានវិសាលភាពធំធេង ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសគឺតម្រូវការចាំបាច់សម្រាប់បរិបទថ្មីនៃសង្រ្គាមបែបមិនប្រពៃណីដូចជា គ្រោះមហន្តរាយធម្មជាតិ និងអំពើភេរវកម្មជាដើម។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលកន្លងមកបានចាត់វិធានការប្រុងប្រយ័ត្នរឹងមាំ និងបានអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ដោយមិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឡើយ។ ស្ថានភាពទូទៅក្នុងពិភពលោកបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួនកំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះកងទ័ពមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា កងទ័ពត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាល នៅក្នុង អង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅ ការងារ របស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់កងទ័ពទាំងអស់ថា ជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការជម្នះនូវការលំបាកគ្រប់បែបយ៉ាង ហើយគឺមោទនភាព ជាមួយសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កងទ័ពទាំងអស់នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្តរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅបំពេញរាល់ភារកិច្ចឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ភាគីមិត្ត និងសប្បុរសជនទាំងអស់ ដែលបានជ្រោមជ្រែងក្នុងកិច្ចការកសាង សមត្ថភាពកងទ័ពលើគ្រប់ផ្នែក ទាំងការកសាងហេដ្ឋាចរនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងការធានាផ្សេងៗ។ ទាំងអស់នេះបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថិរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ជាការផ្តល់នូវឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ ជាពិសេសក្នុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាស្ថាបនិក»៕
ដោយ, សិលា