ដល់ពេលសមត្ថកិច្ចចុះបង្ក្រាបទេីបដឹងថាសុទ្ធតែ! បារីអេទ្បិចត្រូនិច (E-Cigarette ឬ Vape)លួចលក់​ខុសច្បាប់​

ចែករំលែក៖

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍ទោ​ វណ្ណ​ ផេង​ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ថ្មីៗនេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា​៖​ លោក​ បានដឹកនាំក្រុមការងារប្រតិបត្តិការ​ នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ និងមានការចូលរួមពីសម្ថកិច្ច​ពាក់ពន្ធ័​ និងអាជ្ញាធរមូលដ្ឋាន​បា​នចុះបង្ក្រាប​ និងរឹបអូសផលិតផលបារីអេទ្បិចត្រូនិច​ខុសច្បាប់​ ចំនួនពីរទីតាំង​ ស្ថិតនៅខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

លោកឧត្តមសេនីយ៍ទោ​ វណ្ណ​ ផេង​ បញ្ជាក់បន្ថែមថា​ ក្នុងប្រតិបត្តិការនោះ​ ដោយពិនិត្យស្ថានភាពបច្ចុប្បន្ន បារីអេទ្បិចត្រូនិច (E-Cigarette ឬVape) កំពុងបានផ្សព្វផ្សាយតាមបណ្តាញសង្គម ជាឧបករណ៍ផ្តាច់បារី​។ ប៉ុន្តែវាពុំដូច្នោះទ្បើយ ហើយអ្នកប្រើប្រាស់ក៏កំពុងមានការយល់ច្រទ្បំ ធ្វើឲ្យមានការកើនទ្បើងនៃការប្រើប្រាស់ និងកំពុងបានចរាចរលក់ ចែកចាយនៅលើទីផ្សារកម្ពុជា ដោយរូបភាពលួចលាក់គួរឲ្យគត់សំគាល់ ។

អនុប្រធានលេខាធិការដ្ឋានរូបនេះ​ បន្តទៀតថា​ ទោះបីផលិតផលនេះ មិនមានសារធាតុញៀន ដែលមានចែងក្នុងតារាងឧបសម្ព័ន នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព​ ដែលនឹងអាចមានបញ្ហាប្រឈម កើតមហារីកសួត មហារីកក្រពៈ មហារីកបំពង់អាហារ ជំងឺផ្លូវដង្ហើម ជំងឺបេះដូច និងតម្រងនោមជាដើម ។

លោកឧត្តមសេនីយ៍ទោ​ វណ្ណ​ ផេង​ បានសង្កត់ធ្ងន់ថា​ ឧបករណ៍ជក់សម័យថ្មីមួយនេះ អាចនឹងមានគ្រោះថ្នាក់កាន់តែខ្លាំងជាងបារីទៀតប្រសិនបើមានការផលិត ឬជនខិលខូចលាយបញ្ជូលនូវថ្នាំសម្រើប ឬគ្រឿងញៀនចូល ។ ខណៈបច្ចុប្បន្នមហាជនទូទៅយល់ថា SHISHA និង E-Cigarette គឺជាប្រភេទញៀនថ្មីកំពុងបង្កហានិភ័យដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអានាគត ជាពិសេសពង្វក់ស្មារតីយុវជនខ្មែរឲ្យឈ្លក់វង្វែង ឈានទៅបោះបង់ការសិក្សា ការងារ និងបង្កបញ្ហាសង្គមផ្សេងទៀត គួរឲ្យព្រយបារម្ភ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print