អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសថា ផ្សារមួយនៅក្នុងទីក្រុងបាងកក ត្រូវបានរកឃេីញករណីឆ្លងកូវីដ–១៩ ដូច្នេះនឹងត្រូវបិទចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា ដើម្បីធ្វើការសំអាតយ៉ាងហ្មត់ចត់លើគ្រប់វិស័យ និងបើកដំណើរការឡើងវិញនៅថ្ងៃទី ២២ ខែមករា។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ផ្សារ Thanommit ។
ជាក់ស្តែងនៅក្នុងសេចក្ដីប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុកនោះបានបញ្ជាក់ថា ការបិទផ្សារនេះធ្វើឡើងបន្ទាប់ពី អ្នកលក់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។ ខណៈអ្នកលក់ម្នាក់នេះ ស្ថិតក្នុងចំណោមមនុស្សចំនួន ១០ នាក់ដែលត្រូវបានរកឃើញថាឆ្លងជំងឺ Covid-19 ដែលបានបញ្ជាក់ដោយរដ្ឋបាលក្រុងបាងកក (BMA) កាលពីថ្ងៃអាទិត្យ។
សេចក្តីប្រកាសដដែល បានបន្ថែមទៀតថា នៅថ្ងៃអង្គារទី១៩ មករានេះ មន្ត្រីក្រសួងសុខាភិបាលថៃ និងការិយាល័យស្រុកបាងខេននឹងប្រមូលសំណាកពីអាជីវករ និងបុគ្គលិកផ្សារហើយនឹងចេញលទ្ធផលនៅថ្ងៃទី ២១ ខែមករា។ ចំណែកអាជីវករដែលធ្វើតេស្តិ៍អវិជ្ជមាន នឹងត្រូវបានអនុញ្ញាតនៅក្នុងទីផ្សារដើម្បីរៀបចំតូបរបស់ខ្លួនសម្រាប់បើកឡើងវិញនៅថ្ងៃសុក្រនេះ៕ដោយ៖សហការី