ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ហើយ ការទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ បន្ទាប់ពីរាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៥៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ជូនថា,គិតមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ម្សិលមុិញ ថវិកាដែលទទួលបានពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ជាង៥៧លានដុល្លារអាមេរិក ក្នុងនោះមានជាលុយដុល្លារ ៥៤ ៣១៥ ២៤៦.៧២ដុល្លារ និងលុយរៀល ១១ ៧៩៥ ១០៩ ៧០០រៀល។
តាមរយៈខ្មែរស្រលាញ់ខ្មែរ និងរួបរួមគ្នា ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ គឺថវិកានេះបានកើនឡើងជាលំដាប់ ដោយសារតែមានការចូលរួមបរិច្ចាគ យ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគរបស់សប្បុរសជននេះណជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានប្រកាសបញ្ឈប់ការទទួលថវិការបស់សប្បុរសជន ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩។
កម្ពុជាក៏បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនមួយលានដូស ពីមិត្តចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ក្នុងនោះក្រសួងសុខាភិបាល អាជ្ញាធរ សមត្ថកិច្ច ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំផុត ចំពោះវិធានការទប់ស្កាត់ការឆ្លងកូវីដ១៩ រហូតដល់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងវិធានការការពារជំងឺកូវីដ១៩ នេះ៕
ដោយ, សុខ ខេមរា