ភ្នំពេញ ,នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា, ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម ពីព្រោះដើម្បីបង្កើនផលិតភាពផលិតកម្មទាមទារចាំបាច់គឺដើមទុនដើម្បីពង្រីកផលិតកម្មដំណាំ សត្វ ត្រី និងសិប្បកម្មកែច្នៃកសិផល ធានាបានទាំងគុណភាព និងសុវត្ថិភាពផលិតផលឆ្លើយតបតាមតម្រូវការទីផ្សារ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ចិញ្ចឹម ប្រមូលផល កែច្នៃ វេចខ្ចប់ និងថែរក្សា និងការប្រើប្រាស់ធាតុចូលកសិកម្មសំខាន់ៗមួយចំនួនទៀតឲ្យមានប្រសិទ្ធ ភាព។ ឆ្លើយតបបាននូវលក្ខខណ្ឌផលិត ប្រជាកសិករ និងសហគមន៍កសិកម្ម ក៏ត្រូវចងក្រងបណ្តុំផលិត ឬអាជីវកម្ម ប្រយោជន៍ដើម្បីសម្រួលដល់ការធ្វើទំនាក់ទំនងទីផ្សារ ទទួលបាននូវការបញ្ជា ទិញតាមរយ:ការធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម ស្ថិរភាពបរិមាណផ្គត់ផ្គង់ និងតម្លៃ ហើយជាងនេះទៅទៀតគ្រប់សមាជិកបណ្តុំអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងការផ្សព្វផ្សាយសំខាន់ៗមួយចំនួនទៀត។
លោករដ្ឋមន្ត្រីបានបន្តថា, ឆ្វែងយល់ពីបញ្ហាខាងលើ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តគម្រោងសាកល្បងថ្មីមួយស្តីអំពី “ការបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសទៅលើការធ្វើជំនួញ ហៅកាត់ថា BPAC។ គម្រោងនេះត្រូវបានទទួលជំនួយបច្ចេកទេសពីរាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអង្គការ JICA ដោយយកទៅអនុវត្តនៅក្នុងខេត្តគោលដៅចំនួន០៤ គឺ៖ ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និងខេត្តស្វាយរៀង មានរយៈពេល ០៥ឆ្នាំ (២០១៤-២០១៩)។ គម្រោង BPAC ត្រូវបានបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែដោយយល់ឃើញថាគម្រោងនេះមានសារសំខាន់សម្រាប់សហគមន៍កសិកម្ម អង្គការ JICA បានផ្ទេរការងារតាមដាន និងត្រួតពិនិត្យលើការប្រើប្រាស់ និងគ្រប់គ្រងប្រាក់កម្ចីរបស់សហគមន៍កសិកម្មឱ្យទៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មជាអ្នកអនុវត្តបន្តរហូតដល់ឆ្នាំ ២០២៧។
លោក វេង សាខុន បានបញ្ជាក់ថា, កន្លងមកដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះទុនរបស់សហគមន៍កសិកម្ម គម្រោងបានផ្តល់ប្រាក់ កម្ចីសាកល្បងដល់សហគមន៍កសិកម្មគំរូចំនួន០៦ ក្នុងអត្រាការប្រាក់ ២%/ឆ្នាំ សម្រាប់រយ: ពេល ៥-១០ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ១៤២ ៩៤២ ដុល្លារ សម្រាប់យកទៅប្រកបមុខរបរសំខាន់ចំនួន ០៤ គឺ៖
១- ការផ្គត់ផ្គង់ធាតុចូលកសិកម្ម (ជី និងថ្នាំកសិកម្ម)។
២- ទីផ្សារកសិផល (ទិញរថយន្តដឹកបន្លែ និងកសិផលរបស់កសិករទៅកាន់ទីផ្សារ)។
៣- ការប្រើប្រាស់ឧបករណ៍កសិកម្មរួមគ្នា (ទិញត្រាក់ទ័រសម្រាប់ផ្តល់សេវាកម្មភ្ជួររាស់ដី) និង
៤- ការទិញលក់ស្ករត្នោតកំពង់ស្ពឺ។
យោងតាមរបាយៗការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម (១៨/០១/២០២១) បានបង្ហាញថាផ្អែកលើលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើការប្រើប្រាស់
និងការគ្រប់គ្រងប្រាក់កម្ចីរបស់សហគមន៍កសិកម្មទាំង០៦ គិតត្រឹមដើមខែមករា នេះបង្ហាញឲ្យ ឃើញថាការប្រើប្រាស់ប្រាក់កម្ចីនេះកំពុងទទួលបានអត្ថប្រយោជន៍គួរឲ្យកត់សម្គាល់ ជាអាទិ៍៖
១- បានប្រមូលផលិតផលបន្លែរបស់សមាជិកទាំងអស់ យកទៅផ្គត់ផ្គង់ឲ្យទីផ្សារនៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តរបស់សហគមន៍ផ្ទាល់ គ្មានការកកស្ទះ និងទទួលបានតម្លៃខ្ពស់ថែមទៀតផង។
២- បានផ្គត់ផ្គង់ធាតុចូលកសិកម្ម (ជី និងថ្នាំកសិកម្ម) ឲ្យដល់សមាជិកបានទាន់ពេលវេលា ធានាគុណភាពល្អ និងតម្លៃសមរម្យ។
៣- បានផ្តល់សេវាកម្មភ្ជួររាស់ដីជូនសមាជិករបស់ខ្លួនដោយយកតម្លៃសេវាទាបសមរម្យ។
៤- សមាជិកបានយល់ដឹងច្រើនអំពីការប្រើប្រាស់ប្រាក់កម្ចី របៀបសន្សំប្រាក់ ការធ្វើអាជីវកម្មក្នុងរង្វង់សមាជិកសហគមន៍ អ្វីទៅដែលហៅថាផលិតផលមានគុណភាព និងតម្រូវការទីផ្សារ ការរៀបចំទុកដាក់ និងថែរក្សាកសិផលឲ្យបានល្អ ការងាររដ្ឋបាល បច្ចេកទេស និងសេដ្ឋកិច្ចបាននិងកំពុងជ្រាបចូលក្នុងជួរសមាជិក និងជាពិសេសបាននិងកំពុងធ្វើការកែប្រែកសិករ ទៅជាកសិ-ធុរកិច្ច និងសហគ្រិនក្នុងមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មក្នុងសម័យតេជោ។
សូមបញ្ជាក់ជូនថា សហគមន៍កសិកម្មទាំង០៦ ដែលទទួលបានប្រាក់កម្ចីពីគម្រោងរួមមាន៖
១- សហគមន៍កសិកម្មសំបូរមានជ័យ (ខេត្តកំពង់ចាម) ទទួលបានចំនួន ៤០ ៧៨០ដុល្លារ សម្រាប់ប្រកបមុខរបរទីផ្សារបន្លែ។
២- សហគមន៍កសិកម្មទួលព្រះវិហារ (ខេត្តកំពង់ចាម) ទទួលបានចំនួន ២៣ ០០១ដុល្លារ សម្រាប់ប្រកបមុខរបរចិញ្ចឹមសត្វជាមួយក្រុមស្រ្តី។
៣- សហគមន៍កសិកម្មជើងគួនជោគជ័យ (ខេត្តតាកែវ) ទទួលបានចំនួន ៣៤ ១៩៥ដុល្លារ សម្រាប់ប្រកបមុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម។
៤- សហគមន៍កសិកម្មរលួសមាស (ខេត្តតាកែវ) ទទួលបានចំនួន ២៣ ០០០ដុល្លារ សម្រាប់ប្រកបមុខរបរប្រើប្រាស់រួមគ្នា (ទិញត្រាក់ទ័រសម្រាប់ផ្តល់សេវាកម្មភ្ជួររាស់ដី)។
៥- សហគមន៍កសិកម្មស្វាយជ្រុំ (ខេត្តស្វាយរៀង) បានទទួលចំនួន ១៧ ៩៥០ដុល្លារ សម្រាប់ប្រកបមុខរបរផ្គត់ផ្គង់ធាតុចូលកសិកម្ម (ជី និងថ្នាំកសិកម្ម)។
៦- សហគមន៍កសិកម្មស្ករត្នោតកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ) ទទួលបានចំនួន ៤ ០១៦ដុល្លារ សម្រាប់ប្រកបមុខរបរធ្វើទីផ្សារស្ករត្នោតកំពង់ស្ពឺ។
គិតមកត្រឹមដើមខែមករានេះ សហគមន៍កសិកម្មទាំង០៦ បានសងប្រាក់ដើម និងការប្រាក់បានចំនួន ០២លើក សរុបចំនួន៣២ ០៨៩ដុល្លារ ហើយសហគមន៍កសិកម្មទាំង០៦ សន្យាថានឹងសងប្រាក់ដើម និងការប្រាក់លើកទី៣នៅក្នុងចុងខែមករា នេះ៕
ដោយ, សិលា