ទីផ្សារដោះដូរកីឡាករហាក់ស្ងាត់ស្ងៀមខុសពីធម្មតា ដោយក្លិប West Ham ត្រូវបានក្លិប Sevilla ច្រានចោល ពីការចង់បានខ្សែប្រយុទ្ធ Youssef En-Nesyri មកចូលរួមក្រុម។ West Ham បានលក់កីឡាករ Sebastian Haller ទៅឲ្យ Ajax ក្នុងតម្លៃជាង២០លានអឺរ៉ូ ហើយជាលទ្ធផលពួកគេកំពុងស្វែងរកខ្សែប្រយុទ្ធថ្មី។
របាយការណ៍ពីសារព័ត៌មាន The Athletic ដែលគេហទំព័រ Marcaចុះផ្សាយបានលើកឡើងថា ក្លិប West Ham នៅ Premier League បានធ្វើការដេញថ្លៃដែលមានតម្លៃ៣០លានអឺរ៉ូសម្រាប់ En-Nesyri ត្រូវបានក្លិបអេស្ប៉ាញ Sevilla បដិសេធ។
ការចរចានៅតែបន្តនៅពេលដែល West Ham អាចវិលត្រឡប់មកវិញហើយ Sevilla អាចនឹងត្រូវបានលួងលោមប្រសិនបើមានការដេញថ្លៃគួរឱ្យកត់សម្គាល់ដើម្បីអនុញ្ញាតឱ្យ En-Nesyri មានតម្លៃសមស្របនៅរដូវក្តៅនេះ។ ថ្លៃឈ្នួលនេះសម្រាប់ក្រុម West Ham ត្រូវត្រៀមយ៉ាងហោចណាស់៤០លានអឺរ៉ូដោយមិនរាប់បញ្ចូលនូវប្រាក់ឈ្នួលបន្ថែមដែលចាំបាច់នោះទេ។
ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានធ្វើក្នុងខែនេះទេ អាចនឹងត្រូវធ្វើឡើងនៅរដូវក្តៅនៅពេលដែលក្លិប រកប្រាក់បានមកពីការលក់កីឡាករសំខាន់ៗដើម្បីយកប្រាក់មកទិញកីឡាករខាងលើ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ En-Nesyri បានចូលរួមជាមួយក្រុម Sevilla ក្នុងតម្លៃ២០លានអឺរ៉ូកាលពីឆ្នាំមុនពីក្លិប Leganes ដោយរកបាន១២គ្រាប់សម្រាប់រដូវកាលនេះជាមួយក្លិប Sevilla ៕
ដោយ៖ភារៈ