ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែមករា (ពេលវេលាក្នុងតំបន់) បានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ មុនពេលបញ្ចប់អាណត្តិ ។ នៅក្នុងសុន្ទរកថាចុងក្រោយ លោកត្រាំបានលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា ដឹកនំាដោយអាមេរិក ក៏ដូចជាគោលជំហររឹងមាំជាមួយចិន …ទាំងនោះគឺជា ជោគជ័យយ៉ាងធំធេងក្នុងរយៈពេល៤ឆ្នាំ ក្នុងការដឹកនាំអាមេរិក ។ លោកត្រាំបានឲ្យដឹងថា លទ្ធផលនៃគោលនយោបាយការបរទេស គឺទទួលបានសន្តិភាពជាប្រវត្តិសាស្ត្រនៅមជ្ឈិមបូព៌ា។ លោកត្រាំបញ្ជាក់ថា « ទាំងនោះគឺជាជោគជ័យយ៉ាងធំធេងដើម្បីដកទាហានអាមេរិក វិលត្រឡប់មកផ្ទះវិញ។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងនាមជាប្រធានាធិបតីអាមេរិក»។ ពាក់ព័ន្ធនឹងអំពើហិង្សានៅវិមានកាពីតូល លោកត្រាំបានឲ្យដឹងថា អំពើហិង្សានយោបាយ គឺមិនអាចលើកលែងឱ្យបានឡើយ។ ក្រុមអ្នកគាំទ្រលោកត្រាំ កាលពីថ្ងៃទី ៦ខែមករាបានសម្រុកចូលវិមានរដ្ឋសភា រារាំងកិច្ចប្រជុំអនុម័តលទ្ធផលបោះឆ្នោត។ អំពើហិង្សានោះបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ក្នុងនោះមានប៉ូលិសម្នាក់។ តាមគម្រោងលោកត្រាំ នឹងមិនចូលរួមក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អាមេរិកគឺលោកបៃឌិនឡើយ។ លោកត្រាំ នឹងទៅកាន់ Palm Beach នៅរដ្ឋ Florida នាវេលាម៉ោង៨ព្រឹកថ្ងៃទី ២០ខែមករា (ពេលវេលានៅអាមេរិក)៕
ដោយ សាធី