ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យ អាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់
អនុវត្តឱ្យបានតឹងរឹុងបំផុតចំពោះយានយន្តដែលបំពាក់ស៊ីម៉ាំងឮខ្លាំងរំខានដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយជុំវិញបញ្ហានេះ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់និងមិនមានការលើកលែង។
ការណែនាំបែបនេះរបស់លោកឃួងស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី២០ ខែមករានេះនៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការងារនេះយើងត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះយានយន្តគ្រប់ប្រភេទ មិនថាម៉ូតូឬរថយន្តនោះទេ ពោលគឺឲ្យតែមានសំឡេងរំខានខុសពីធម្មតាគឺយើងត្រូវតែឃាត់ទុកណែនាំអប់រំនិងឲ្យពួកគាត់ដោះដូរមកជាបំពង់ស៊ីម៉ាំងធម្មតាវិញ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញបាន។ដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ អាជ្ញាធរខណ្ឌទាំង១៤និឹងមានឧបករណ៍វាស់សំឡេងក្នុង១ខណ្ឌ២ទៅ៣គ្រឿងដើម្បីឱ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌនីមួយៗមានលទ្ធភាពក្នុងការឃាត់វាស់សំឡេងយានយន្តទាំងនោះ។
លោកសុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញបានលើកឡើងផងដែរថា អនុវត្តទៅតាមការណែនាំនៃវិធានការឃាត់យានយន្តបំពាក់ស៊ីម៉ាំងឮនេះ ក្នុងការអនុវត្តជាលើកទីមួយ កម្លាំងមានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្តបានចំនួន៦០គ្រឿង និងបានធ្វើបច្ចុប្បន្នភាពបានចំនួន៤០គ្រឿង ប៉ុន្តែបើទោះបីជាមានការណែនាំថាឱ្យអប់រំនិងប្ដូរស៊ីម៉ាំងមកជាធម្មតាវិញទើបឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញនោះក្តី ក៏យានយន្តដែលបានឃាត់ទុកមិនទាន់អនុញ្ញាតឱ្យពួកគាត់យកត្រឡប់ទៅវិញអស់នៅឡើយទេ ដោយសារតែម៉ូតូមួយចំនួនមិនទាន់មានស៊ីម៉ាំងដើម្បីធ្វើការផ្លាស់ប្ដូរ។
ក្រៅពីការលើកឡើងខាងលើជុំវិញវិធានការចំពោះការបំពាក់ស៊ីម៉ាំងមានសំឡេងខ្លាំងនេះ ការងាររៀបចំសណ្ដាប់ធ្នាប់ ក៏ជាការងារមួយដែលលោកឃួង ស្រេងបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ ដើម្បីជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់រៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែប្រសើរជាងមុន ទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងបញ្ហានេះលោកឃួង ស្រេងបានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញមិនមែនសម្រាប់តែអ្នកមានទេ តែទីក្រុងភ្នំពេញដាច់ខាតត្រូវតែមានសណ្ដាប់ធ្នាប់ មានភាពស៊ីវីល័យ ។ ដូច្នេះ អាជ្ញាធរទាំងអស់ត្រូវមានវិធានការជុំវិញរុឺម៉កដឹកសំពីងសំពោងគឺមិនអនុញ្ញាតឲ្យពួកគាត់ដឹកជញ្ជូនចូលមកកណ្ដាលរាជធានីនោះទេ ។ ជាជំហានទី១ចំពោះរុឺម៉កម៉ូតូដឹកសំពីងសំពោងនេះ អាជ្ញាធរត្រូវឃាត់ដើម្បីធ្វើកិច្ចសន្យាអប់រំជាលើកទីមួយ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ ។ តែបើមានជាលើកទី២ យើងត្រូវតែធ្វើការឃាត់ពួកគាត់ទុក ។ ការអនុវត្តការងារនេះគឺដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើងកាន់តែមានសោភណភាពមានសណ្ដាប់ធ្នាប់ស័ក្តិសមជាទីក្រុងដែលមានភាពស៊ីវិល័យ៕ .សំរិត