សម្ដេចក្រឡាហោម ស ខេង ៖ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរ តែងតែចុះមូលដ្ឋានគ្រប់ពេលវេលា ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖  បើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែចុះមូលដ្ឋានគ្រប់ពេលវេលា ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វី? ហើយត្រូវដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា ផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនថាថ្ងៃសៅរ ឬថ្ងៃអាទិត្យទេ គឺចុះគ្រប់ពេលវេលា។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្រុមការងារចុះមូលដ្ឋានរបស់យើង និងអាជ្ញាធររបស់យើងបានខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបបញ្ហាអ្វីមួយទាំងនេះជាចំណុចពិសេសរបស់ក្រុមការងារ អាជ្ញាធរមូលដ្ឋានរបស់យើង»។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងាររដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែចុះជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាល ក៏បានចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយបានចុះអប់រំ និងណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប់ជាប្រចាំផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាជននៅទូទាំងប្រទេស ឲ្យបន្តអនុវត្តន៍វិធានការថែរក្សាអនាម័យសុខភាពឲ្យបានខ្ជាប់ខ្ជួន ចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជឿជាក់លើសមត្ថភាព និងវិធានការរបស់រាជរដ្ឋាភិបាល និងមកទទួលការពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីសង្ស័យថា មានរោគសញ្ញាជំងឺកូវីដ-១៩៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print