ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ក៏ដូចជាការការរពារក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅបន្ទប់ប្រជុំសាលាខណ្ឌជ្រោយចង្វា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វា បានបើកកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ និងទិសដៅខែបន្ទាប់ ដឹកនាំដោយលោក ឃ្លាំង ហួត ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទសាលាខណ្ឌ សង្កាត់ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៥០នាក់។
ក្នុងកិច្ចប្រជុំនេះដែរ លោក ឃ្លាំង ហួត អភិបាលខណ្ឌ បានដាក់ផែនការឲ្យរដ្ឋបាលខណ្ឌ សហការជាមួយនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះធ្វើការស្រង់ស្ថិតិ និងកំណត់អត្តសញ្ញាណកម្មករសំណង់ ដែលកំពុងបម្រើការងារនៅតាមបុរី ឬនៅតាមការដ្ឋានសំណង់នានា ឲ្យបានច្បាស់លាស់ ដើម្បីក្តាប់បានអំពីចំនួនជាក់លាក់ និងសាវតាលម្អិតរបស់កម្មករនីមួយៗ ងាយស្រួលក្នុងការគ្រប់គ្រង។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានបញ្ជាឲ្យរដ្ឋបាលខណ្ឌធ្វើលិខិតផ្លូវការជម្រាបទៅម្ចាស់បុរី ម្ចាស់ការដ្ឋានសំណង់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ត្រូវចូលរួមសហការជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញភារកិច្ចខាងលើឲ្យបានរលូន និងទទួលបានល្អប្រសើរ។
លោកបានបន្តថា លោក សូមអរគុណចំពោះកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ដែលបានបំពេញការងារល្បាតក្នុងភូមិសាស្ត្រស្មុគស្មាញ និងតាមគោលដៅក្នុងមូលដ្ឋានជាប្រចាំកន្លងមក ដូចនេះ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសទីកន្លែងប្រជុំជនដែលមានបងប្អូនកម្មករ កម្មការីបំពេញការងារនៅពេលយប់ និងសិស្សានុសិស្សដែលសិក្សានៅពេលយប់ជាដើម។ ត្រូវពិនិត្យមើលភូមិសាស្ត្រណាដែលងាយរងគ្រោះ ត្រូវបន្ថែមកម្លាំងល្បាត និងត្រូវល្បាតជាប្រចាំឲ្យញឹកញាប់ ដើម្បីទប់ស្កាត់ និងចុះអន្តរាគមន៍ទាន់ពេលវេលា។
លោកបន្ថែមថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាដ៏ធំដែលកើតមានឡើងទូទាំងសកលលោក មិនថាតែក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ។ ដូច្នេះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងចូលរួមក្នុងការបង្ក្រាបទប់ស្កាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនគ្រប់រូបភាពទាំងអស់ក្នុងមូលដ្ឋាន ព្រោះវាគឺជាទុក្ខកង្វល់របស់ប្រទេសជាតិ និងប្រជាជនផងដែរ។ អាជ្ញាធរភូមិ សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការក្នុងការផ្តល់ព័ត៌មានអំពីគ្រឿងញៀន មកអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះបង្ក្រាបទាន់ពេលវេលា។
លោក ឃ្លាំង ហួត បានបន្តថា ចំពោះបញ្ហាអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ (ក២) សូមលោក-លោកស្រីមេភូមិ លោកចៅសង្កាត់ ធ្វើការជំរុញ និងផ្សព្វផ្សាយតាមឧគ្ឃោសនាសព្ទបន្ថែមទៀត ដើម្បីឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ក្នុងការមកធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ(ក២)ថ្មី ឲ្យបានគ្រប់ៗគ្នា។
ជាចុងបញ្ចប់ លោកអភិបាលខណ្ឌ បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងបានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទទាំងអស់ត្រូវចូលរួមអនុវត្តមុនគេ ដើម្បីធ្វើជាគំរូដល់អ្នកដទៃ ហើយត្រូវចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានហ្មត់ចត់ តឹងរឹងបំផុត និងមិនត្រូវលើកលែងឲ្យបុគ្គលរូបណាដែលប្រព្រឹត្តខុសពីច្បាប់បានឡើយ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់កម្លាំងមានសមត្ថកិច្ចដែលចុះប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍នេះ សូមមេត្តាប្រើពាក្យសម្តីសមរម្យ ទន់ភ្លន់ សុភាពរាបសា ជាមួយប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕