ខេត្តព្រៃវែង៖ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវទទួលខុសត្រូវ ទៅលើ ការបំផ្លិចបំផ្លាញផ្លូវជាតិ ជាពិសេសស្ពានអ្នកលឿង (ត្សឹបាសា) ដែលជាសមិទ្ធផលថ្មីរបស់ កិច្ចខិតខំរាជរដ្ឋាភិបាល បែរជាមានរថយន្តធុនយក្សផ្ទុកលើសទម្ងន់ បើកបរកាត់ដោយ សេរី បើទោះជាមានក្រុមការងារគ្រប់គ្រងស្ថានីយជញ្ជីងថ្លឹងរថយន្តជាច្រើនកន្លែងក៏ដោយ ។
គេបានរាយការណ៍មកថា រថយន្តដឹកស្រូវធុនយក្ស ផ្ទុកយ៉ាងតិចជិត៧០តោន បានបើក ឡើងស្ពានអ្នកលឿង (ត្សឹបាសា)ហើយឡើងមិនរួច ក៏រអិលថយក្រោយ និងបានស្រុតផ្លូវ លើស្ពាន បន្ទាប់ពីក្រុមកម្មករយកកំណល់ឈើកល់រថយន្ត កាលពីវេលាម៉ោង១២ និង៥ នាទី ឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។
គេបានរិះគន់ថា ពីខេត្តស្វាយរៀងមកដល់រាជធានីភ្នំពេញ យ៉ាងតិចមានស្ថានីយជញ្ជីងថ្លឹង រថយន្តចំនួន៣កន្លែង ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការ ជាមួយខាងមន្ទីរសាធារណការខេត្តនីមួយៗ ផ្ទុយទៅវិញ មានរថយន្តធុនយក្សមួយគ្រឿង ពាក់ស្លាកលេខតាកែវ3A-1743 ផ្ទុកអង្ករដំណើបមិនតិចជាង៧០តោន បើកឆ្លងកាត់ស្ពាន ខាងលើនេះ ។
សកម្មភាពធូររលុង ឬជាអំពើពុករលួយរបស់អ្នកគ្រប់គ្រងជញ្ជីងថ្លឹ់ងរថយន្ត អស់លោក ទាំងនោះ ពិតជាមានចេតនាទុច្ចរិត បំផ្លាញផ្លូវជាតិដែលកសាងឡើង ដោយថវិកាជាតិ និង កម្ចីបរទេស ។ ដូច្នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតគូជាបន្ទាន់ ទៅលើ មន្រ្តីរបស់ខ្លួននៃបុគ្គលណាខ្លះ ពាក់ព័ន្ធទង្វើធ្វេសប្រហែស ចេតនាប្រព្រឹត្តអំពើពុករលួយ ក្នុងការបំផ្លាញផ្លូវជាតិ និងស្ពាន សុទ្ធសឹងជាសមិទ្ធផល ដែលរាជរដ្ឋាភិបាលបានខិតខំ កសាងជូនប្រជាពលរដ្ឋ ។
បើតាមការបញ្ជាក់ពីឈ្មួញខ្លះឲ្យដឹងថា រថយន្តដឹកអង្ករផ្ទុកលើសទម្ងន់រហូតដល់៧០តោន នេះ គឺមានថៅកែឈ្មោះ ចក់ និងចែ មុំ ។ អ្នកទាំង២រស់នៅតំបន់អ្នកលឿងច្រើនដឹកជញ្ជូន ផ្ទុកលើសទម្ងន់ ជាទម្លាប់របស់គាត់យូរឆ្នាំមកហើយ ពិសេសក្រុមជញ្ជីងថ្លឹងរថយន្ត គិតចាប់ពីខេត្តស្វាយរៀង ទល់គ្នានឹងទឹកដីថៃក្រុងប៉ោយប៉ែត គឺស្គាល់អ្នកទាំង២នាក់នេះ ច្បាស់ណាស់ ដោយសារគាត់មានអាជីពដឹកជញ្ជូនអង្ករខ្សាយ និងអង្ករដំណើប ពីប្រេទស វៀតណាម តាមផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ និងបន្តឆ្លងទៅផ្លូវជាតិលេខ៥រហូត ដល់ព្រំដែនថៃ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានរិតបន្តឹងក្នុងរឿងនេះ និងចេញបញ្ជាឲ្យសមត្ថកិច្ច រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចាប់បង្រ្កាប និងដាក់ ពិន័យទោសទ័ណ្ឌទៅលើជនល្មើសដឹកផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាតិផង ៕
ដោយ៖ សុខខេមរា