ភ្នំពេញ៖ ក្នុងជំនួបសំដែងការគួរសមរវាង លោក អាណាតូលី បូរ៉ូវីគ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់សហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ លោក អាណាតូលី បូរ៉ូវីគបានមានប្រសាសន៍លើកឡើងថា ប្រទេសរុស្ស៊ីបានមានទំនាក់ទំនងការទូតជាមួយនឹងព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៦៥ឆ្នាំហើយ ។ ទំនាក់ទំនងនេះបានធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរ រហូត មកដល់ពេលបច្ចុប្បន្ននេះ។
លោក អាណាតូលី បូរ៉ូវីគ បានបន្តទៀតថា ស្ថានភាពជំងឺកូវីដ–១៩ បានធ្វើអោយប៉ះពាល់ ដល់បណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ។ ក្នុងនោះព្រះរាជាណាចក្រកម្ពុជា ក៏ជាប្រទេសមួយដែលប្រឈមនឹងជំងឺកូវីដ–១៩នេះផងដែរ ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងទប់ស្កាត់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឲ្យស្ថានភាពជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈល្អប្រសើរ ពិសេសគឺការគ្រប់គ្រងនូវព្រឹត្តិការណ៍២៨ វិច្ឆិកាបានយ៉ាងល្អប្រសើរ។
លោកបន្តទៀតថា ពាក់ព័ន្ធនឹងជំងឺកូវីដ–១៩នេះប្រទេសរុស្ស៊ីបង្កើតបានវ៉ាក់សាំង (Sputnik V)ដើម្បីចាក់ការពារជំងឺនេះ ហើយវ៉ាក់សាំងនេះប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូនមកឲ្យប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ យើងនឹងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំងនេះមកអោយកម្ពុជា ។
ក្នុងជំនួបសម្ដែងការគួរសមនោះ ក៏បានលើកឡើងពីទំនាក់ទំនងនៃការចងសម្ព័ន្ធភាពរវាងទីក្រុងពីររបស់ប្រទេសរុស្ស៊ីជាមួយនឹងរាជធានីភ្នំពេញដែលនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញនិងទីក្រុងណូវ៉ូស៊ីប៊ីស ចងសម្ព័ន្ធមេត្រីភាពជាមួយនិងរាជធានីភ្នំពេញដែរ។ ប៉ុន្តែដោយស្ថានភាពកូវីដ–១៩ ការចុះហត្ថលេខាទៅលើការចងសម្ព័ន្ធមេត្រីភាពនេះត្រូវបានអូសបន្លាយពេល ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការចុះហត្ថលេខា លើអនុសារណៈយោគយល់ ស្ដីពីការបង្កើតចំណងមិត្តភាពរវាងរាជធានីភ្នំពេញនិងទីក្រុងទាំងពីររបស់ប្រទេសរុស្ស៊ីនេះ គ្រោងនឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ ពោលគឺក្រោយពីស្ថានភាពកូវីដ–១៩បានធូរស្រាល។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនៅក្នុងជំនួបសម្ដែងការគួរសមនោះ ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រទេសរុស្ស៊ី ដែលបានជួយឧបត្ថមគាំទ្រជាច្រើនមកប្រទេសកម្ណុជាក្រោយឆ្នាំ១៩៧៩ ។មិនត្រឹមតែប៉ុណ្ណោះទេរុស្សីនៅបានបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញជាក់ស្តែងនោះ ប្រទេសរុស្សីបានកសាងមន្ទីរពេទ្យមួយនៅក្នុងរាជធានីភ្នំពេញ នោះគឺ មន្ទីរពេទ្យរុស្ស៊ីដែលបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយបានឃើញ ។
លោកឃួង ស្រេង បានបន្តទៀតថា មន្ទីរពេទ្យរុស្ស៊ីនៅរាជធានីភ្នំពេញ ខណៈកូវីដ–១៩ មន្ទីរពេទ្យនេះបានតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺកូវីដ–១៩។
ជាការឆ្លើយតបទៅនឹងអ្វី ដែលបានលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាលោកឃួងស្រេងបានថ្លែងការអរគុណនូវសណ្តានចិត្តដ៏ល្អរបស់ប្រទេសរុស្ស៊ី ដែលគ្រោងនឹងបញ្ជូនវ៉ាក់សាំងកូវីដ–១៩ Sputnik Vមកព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសន្តានចិត្តដ៏ប្រសើរបំផុតរបស់ប្រទេសរុស្ស៊ីដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងអ្នកវិនិយោគទុនរបស់ប្រទេសរុស្ស៊ីគ្រោងថា នឹងមកបណ្ដាក់ទុនរកស៊ី នៅព្រះរាជាណាចក្រកម្ពុជានោះលោកឃួង ស្រេងបានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញគឺបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងសម្រាប់អ្នកវិនិយោគទុនរបស់ប្រទេសប្រទេសរុស្ស៊ីដែលចង់មកបណ្ដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា វ៉ាក់សាំង រុស្ស៊ី Sputnik Vបានដំណើរការ ចាក់ជូនពលរដ្ឋនៅប្រទេសរុស្ស៊ី រួចហើយ ក្នុងនោះ ប្រធានាធិបតីរុស្សីលោកពូ ទីនក៏បានចាក់វ៉ាក់សាំងនេះរួចហើយដែរ ។ វ៉ាក់សាំង រុស្ស៊ី Sputnik Vត្រូវ ចាក់ពីរ ដូស មានប្រសិទ្ធភាព ៩២ ភាគរយ រក្សាទុកក្នុងសីតុណ្ហភាព ទូទឹកកក ធម្មតាតម្លៃ ប្រហែល ១០ ដុល្លារ/ដូស ៕
ដោយ, សំរិត