ខេត្តកណ្តាល៖ បេីតាមមន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល នៅថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករាឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយប្រេង និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៦ ទីតាំង នៅក្នុងខេត្តកណ្តាល។
ជាក់ស្តែងក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៦ ផងដែរ។
ក្រោយប្រតិបត្តិការរួចជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈមានដូចខាងក្រោម៖
–ស្ថានីយ/ដេប៉ូ ចំនួន ០៤ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។
–ស្ថានីយ/ដេប៉ូ ចំនួន ០១ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។
–ស្ថានីយ/ដេប៉ូ ចំនួន ០១ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព។
គួរបញ្ជាក់ដែរថា ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ ប៉ុន្តែប្រសិនបើមន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕ដោយ៖សហការី