ខ្សែប្រយុទ្ធឆ្នើម Luuk de Jong របស់ក្រុមPSVនឹងមិនអាចចូលលេងបានឡើយពេលក្រុមរបស់គេប៉ះក្រុម Atletico Madridមកពីប្រទេសអេស្ប៉ាញនៅក្នុងកម្មវិធីChampions Leagueវគ្គ១៦ក្រុមចុងក្រោយថ្ងៃនេះ។
កីឡាករអន្តរជាតិហុល្លង់ Luuk de Jongគឺជាកីឡាករស៊ុតបាល់បានច្រើនជាងគេបំផុតនៅក្នុងក្រុមPSVរដូវកាលនេះ ដោយស៊ុតបាន១៧គ្រាប់ហើយ។
PSVក៏កំពុងតែឈរកំពូលតារាងរបស់ក្របខណ្ឌកំពូលនៅប្រទេសហុល្លង់ដោយមាន១ពិន្ទុ លើសក្រុមលេខ២Ajax Amsterdam។ ចំណែកក្រុមAtletico Madridឈរលំដាប់លេខ ២នៅប្រទេសអេស្ប៉ាញតាមពីក្រោយក្រុមលេខ១Barcelonaចំនួន៨ពិន្ទុ។ ពួកគេបានប្រកួតស្មើក្រុមVillarrealដោយលទ្ធផល0-0កាលពីថ្ងៃអាទិត្យកន្លងមក។
លោកDiego Simeoneគ្រូបង្វឹករបស់ក្រុមAtletico Madridបាននិយាយថាពួកគេកំពុងតែលេងបានល្អហើយកំពុងតែឈានទៅរកជោគជ័យដែលជាទិសដៅរបស់ក្លិប។
ក្រុមAtletico Madridសង្ឃឹមថានឹងអាចធ្វើបានសម្រេចដូចដែលពួកគេធ្លាប់យកឈ្នះក្រុមPSV៣-០នៅប្រទេសហុល្លង់កាលពីឆ្នាំ២០០៨-២០០៩។ចំណែកការប្រកួតជើងទី២នឹងធ្វើឡើងនៅក្នុងទឹកដីAtletico Madridវិញម្តងនៅថ្ងៃទី១៥ខែមិនា៕