អាជ្ញាធរក្រុងតាខ្មៅប្រើវិធានការតឹងរុឹងចំពោះដេប៉ូខ្សាច់នៅក្នុងក្រុងនេះ ពលរដ្ឋរង់ចាំមើល តើមានប្រសិទ្ធភាពដែរឬអត់?

ចែករំលែក៖

ខេត្តកណ្តាល ៖ ដេប៉ូខ្សាច់ទាំង១៨ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ហៅមកណែនាំចំពោះការដឹកជញ្ជូនដីខ្សាច់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។

លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅបានឱ្យដឹងថា មានរថយន្តដឹកដីខ្សាច់ជាច្រើនគ្រឿងបានដឹកខ្សាច់ពេញៗរថយន្ត ដោយមានរថយន្តខ្លះមិនបានយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវ និងដាក់ខ្សាច់ហៀរធ្វើឱ្យជ្រុះរប៉ាត់រប៉ាយលើផ្លូវតែម្តង ដែលបង្កឱ្យមានដីខ្សាច់ហុយទ្រលោមតាមដងផ្លូវ ហើយប្រជាពលរដ្ឋដែលរងការប៉ះពាល់ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាមានវិធានការណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងនោះផង ។

ប្រជាពលរដ្ឋមានការខឹងទៅនឹងដេប៉ូខ្សាច់ ហើយពេលខ្លះថ្ងៃក្ដៅដីហុយទ្រលោម ពិបាកដកដង្ហើមខ្លាំងណាស់ និងថ្លង់សំឡេងគ្រឿងចក្រទាំងយប់ទាំងថ្ងៃផងដែរ ។

លោកអភិបាលក្រុងបន្តថា កន្លងមកក៏មានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីខ្សាច់ហៀរនិងបានជ្រុះរប៉ាត់រប៉ាយលើផ្លូវ ផងដែរ។ ដូច្នេះហើយទើបលោកអភិបាលក្រុងធ្វើការណែនាំដល់អាជីវករ ទាំងអស់ឱ្យធ្វើការសម្អាតរថយន្តដឹកខ្សាច់ មុននឹងដឹកចេញពីដេប៉ូរៀងៗខ្លួន ហើយលោកក៏បានចាត់វិធានការខ្លះចំពោះរថយន្តដឹកខ្សាច់ណាដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មិនបានយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវ និងដាក់ខ្សាច់ហៀរហូរ និងស្រក់ទឹកមកលើផ្លូវ  ការដឹកជញ្ជូនលើសទម្ងន់កំណត់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកបញ្ជាក់ថា លោកនឹងធ្វើការឃាត់រថយន្តទុក និងផាកពិន័យក្នុងមួយរថយន្តមួយគ្រឿង ៣០០.០០០៛ ផងដែរ។

លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ក៏បានស្នើដល់ម្ចាស់ដេប៉ូទាំង១៨ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីចូលជាថវិកាខ្លះសម្រាប់ទិញរថយន្តបាញ់ទឹកលាងផ្លូវ សម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងតាខ្មៅបានធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងផាសុកភាព។

ពលរដ្ឋក៏បានលួចបង្ហើបប្រាប់ឱ្យដឹងដែរថា ចាំមើលចំណាត់ការរបស់លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ តើមានប្រសិទ្ធភាពឬអត់ ឬមួយធ្វើបានតែមួយចម្អិនកំពឹស ពេលលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមានដកតំណែងមកនោះ ? ៕

               

...

ដោយ៖ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print