បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការពីបទហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្តាល​ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទហិង្សា​ដោយ​ចេតនា បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាប់ជនរងគ្រោះម្នាក់ដោយកាំបិត​ប៉័ងតោបណ្តាលឲ្យរងរបួស ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន ។

ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន កាលពីវេលា​ម៉ោង១៨ និង៤០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពកាប់បុរសម្នាក់បណ្តាលឲ្យត្រូវជើងយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២២ និង៤៥នាទី ថ្ងៃទី២២ ខែឆ្នាំដដែល ស្ថិតក្នុងភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផុស សុភ័ក្រ ហៅម៉ៅភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះឈ្មោះ ខន ខេន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសលើជើងស្តាំចំនួន២កន្លែង) មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា នៅមុនពែលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស្រាជាមួយបុរសម្នាក់ទៀតនៅផ្ទះរបស់ឈ្មោះ ពេញ ថន បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗហើយនោះជនសង្ស័យនិងជនរងគ្រោះក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។ មួយសន្ទុះក្រោយ​មកជនរងគ្រោះបានកាន់ដាវដើរកាត់មុខផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យឃើញនឹកស្មានថាជនរងគ្រោះយកដាវទៅឈ្លោះប្រកែកជាមួយនរណាម្នាក់ ក៏ចូលទៅដណ្តើមយកដាវពីជនរងគ្រោះ ។

ប្រភពដដែលបានបន្តថា ពេលដណ្តើមគ្នានោះបណ្តាលឲ្យផ្លែដាវមុតចំប្រអប់ដៃជនសង្ស័យហូរឈាមកក្លាក់ ធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះចូលទៅក្នុងផ្ទះទាញយកកាំបិតប៉័ងតោដេញកាប់ប្រហារត្រូវជើងជនរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើងក្រុមគ្រួសារបាននាំជនរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំតាលន់ និង បានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផងដែរ ។ លុះថ្ងៃទី២៣ ខែឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ​បាន ។ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះដោយកាំបិតប៉័ងតោប្រាកដមែន ៕

IMG-20160224-WA0024(1)

IMG-20160224-WA0025

IMG-20160224-WA0023

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print