ក្រុម Borussia Dortmund បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី២ ខណៈដែលក្រុមនេះបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ BorussiaMonchengladbach ក្នុងលទ្ធផល៤ទល់២ កាលពីរាត្រីថ្ងៃទី២២ឈានចូលថ្ងៃទី២៣ មករានេះ។
ការប្រកួតក្នុងតង់ទី១ កីឡាករ Elvedi របស់ក្រុម Moncheng បានរកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី១១។ នៅនាទីទី២២ និងនាទីទី២៨ ខ្សែប្រយុទ្ធ Haaland របស់ក្រុម Dortmund រកបាន២គ្រាប់ផ្ទួនៗនាំមុខក្រុមម្ចាស់ផ្ទះវិញ ប៉ុន្តែនៅនាទីទី៣២កីឡាករ Elvedi បានស៊ុតបាល់ពីចម្ងាយយ៉ាងល្អធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផលស្មើគ្នា២ទល់២។
ចូលដល់ការប្រកួតតង់ទី២ កីឡាករ Bensebaini របស់ក្រុម Monchengរកបាន១គ្រាប់នៅនាទីទី៤៩ និងនៅនាទីទី៧៨ កីឡាករ Thuramរកបាន១គ្រាប់បន្ថែមទៀត រហូតដល់ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Moncheng យកឈ្នះក្រុមភ្ញៀវ Dortmund ក្នុងលទ្ធផល ៤ទល់២។
លទ្ធផលនេះធ្វើឲ្យក្រុម Dortmund ក្រោមការដឹនាំរបស់លោក EdinTerzic បច្ចុប្បន្នស្ថិតនៅលេខ៥ ក្នុងក្របខ័ណ្ឌ Bundesliga បន្ទាប់ពីដណ្តើមបានតែ១ ពិន្ទុពីការប្រកួត៣លើកកន្លងមក ខណៈដែលជ័យជម្នះនេះបានធ្វើឱ្យក្រុម Moncheng មាន២ពិន្ទុនាំមុខក្រុម Dortmund ឈានដល់ចំណាត់ថ្នាក់លេខ៤ ។
លោក Edin Terciz បានជំនួសលោក Lucien Favre ជាគ្រូបង្វឹករបស់ក្លិប Dortmund កាលពីខែធ្នូ ប៉ុន្តែក្រុមនេះកំពុងចាញ់រហូតដល់១០ពិន្ទុពីក្រុមកំពូលតារាង Bayern Munich ដែលមាន៣៩ពិន្ទុ ក្នុង១៧ប្រកួត ៕
ដោយ៖ភារៈ