លោក ស សុខា អញ្ជើញប្រគល់វិញ្ញាបនបត្រជូននិស្សិតនៅសាកលវិទ្យាល័យជាតិមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ចូលរួមជាគណៈអធិបតីពិធីប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ជូននិស្សិតឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗនិស្សិតឆ្នាំសិក្សាមូលដ្ឋានទាំងអស់ ដែលត្រូវសិក្សាបន្តរហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ នូវ ៦ចំណុច ដូចខាងក្រោម ៖

១. ធ្វើអ្វីក៏ដោយមិនអាចជោគជ័យភ្លាមៗនោះឡើយ ៖ មេរៀនសំខាន់មួយក្នុងមេរៀននេះ គឺថាភាពជោគជ័យមិនអាចទទួលបានភ្លាមៗទេ។ មានន័យថាទោះបីជាអ្នកខិតខំប្រឹងប្រែងនិងលះបង់យ៉ាងណាក៏ដោយ ក៏អ្នកមិនទាន់សម្រេចគោលដៅបានភ្លាមៗនោះដែរ ។ ដូច្នេះការចំណាយពេលយូរ ដើម្បីសម្រេចគោលដៅដែលអ្នកចង់បាន គឺទាមទារការព្យាយាម អត់ធ្មត់បំផុត។

២. ត្រូវការគ្រឹះដ៏រឹងមាំ ៖ ដើមឫស្សីត្រូវការប្រព័ន្ធឫស ដើម្បីការលូតលាស់ ចំណែកការសិក្សារបស់អ្នកក៏ត្រូវការគ្រឹះដ៏រឹងមាំយ៉ាងដូច្នេះដែរ ។ ជំនួសឱ្យការចង់ទទួលលទ្ធផលភ្លាមៗ សូមចំណាយពេលទៅ លើការកសាងគ្រឹះឱ្យរឹងមាំសិន ជាពិសេសប្រសិនបើសម្រាប់គោលដៅនៃក្តីសុបិន្តរបស់អ្នកធំហួសពីកម្រិតនាពេលបច្ចុប្បន្ន ។ បើគ្មានមូលដ្ឋានគ្រឹះរឹងមាំទេ វាក៏មិនអាចដុះលូតលាស់ទៅបានដែរ ។ ប៉ុន្តែបើអ្នកមានមូលដ្ឋានគ្រឹះរឹងហើយ អ្វីៗដំណើរការទៅដោយរលូន។

៣. រក្សាភាពស្ថិតស្ថេរ ៖ ទោះយ៉ាងណាក៏ដោយ ដើមឫស្សី មិនអាចលូតលាស់ទៅរួចទេ ប្រសិនបើអ្នកគ្មានទម្លាប់មើលថែទាំវា ។ ជាងនេះទៅទៀត វានឹងងាប់ បើប្រៀបធៀបទៅការសិក្សារៀនសូត្រវិញ បើអ្នកមិនរក្សាគោលជំហរមើលថែវាក្នុងឆ្នាំដំបូងទេ នោះគោលដៅ និងក្តីសុបិន្តរបស់អ្នកវានឹងមិនដំណើរការឡើយ វានឹងបរាជ័យ ឬមិនសម្រេចដូចបំណង។ ដូច្នេះអ្នកត្រូវខិតខំប្រឹងប្រែងព្យាយាម
រក្សាគោលជំហរឱ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយគោលដៅរបស់អ្នកឱ្យក្លាយជាការពិត។

៤. បណ្ដុះក្ដីសុបិន្តរបស់អ្នក ៖ ការពន្យាពេលដោយការធ្វើភ្លេចនូវក្ដីសុបិន្តពិតប្រាកដរបស់អ្នក គឺជាយុទ្ធសាស្រ្តផ្ទុយមួយ ។ ពេលខ្លះការធ្វើបែបនេះ ពុំមែនមានន័យថា ទុកពេលវេលាចោលនោះទេ តែតាមពិតនៅក្នុងចិត្ពពោរពេញដោយការកំពុងតែចិញ្ចឹមក្ដីសុបិន្តរបស់ខ្លួន ដោយការអត់ធ្មត់ដល់ទីបំផុត ។

៥. ត្រូវមានជំនឿទំនុកចិត្ត និងរឹងមាំ ៖ រឿងសំខាន់មួយទៀតដែលត្រូវចងចាំពីមេរៀនក្នុងរឿងដើមឬស្សីគឺត្រូវមានជំនឿមុតមាំលើខ្លួនឯង។ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ អ្នកនឹងត្រូវជឿជាក់ និងមានទំនុកចិត្តថា អ្វីៗនឹងដំណើរការតាមមធ្យោបាយមួយ ឬតាមមធ្យោបាយផ្សេងពីនេះ។

៦. ទាមទារការតស៊ូ និងការអត់ធ្មត់ ៖ ក្តីសុបិន្តខ្លះ ត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ ដើម្បីសម្រេចវាបានជោគជ័យ ។ ជោគជ័យនឹងមិនមករកអ្នកលឿនតាមក្ដីប្រាថ្នារបស់អ្នកឡើយ ។ ដូច្នេះចាំមើលថាអ្នកមានការតស៊ូអត់ធ្មត់ និងទំនុកចិត្តបានកម្រិតណាក្នុងការបម្រើគោលដៅ និងក្តីសុបិន្តរបស់អ្នកក្នុងថ្ងៃនេះ។ សម្រាប់បុគ្គលដែលជោគជ័យ គឺមិនបញ្ឈប់ដោយងាយទេ ពួកគេធ្វើដំណើរឆ្ពោះទៅមុខ បើទោះបីពួកគេ មិនឃើញលទ្ធផលក្នុងពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែពួកគេច្បាស់ក្នុងចិត្តថា ប្រសិនបើពួកគេប្រឹងប្រែងអស់លទ្ធភាព និងធ្វើនូវអ្វីដែលខ្លួនយល់ត្រឹមត្រូវរាល់ថ្ងៃ នោះលទ្ធផលនឹងមកនៅទីបំផុត។ រឿងឫស្សីចិននេះ ជាឧទាហរណ៍ ដ៏ល្អឥតខ្ចោះចំពោះស្ថានការណ៍បែបនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print