ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ ២៣ ខែ មករា ឆ្នាំ ២០២១នេះ លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់អោយក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកបច្ច័យរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ០១ ម៉ឺនដុល្លា ប្រគេនវត្តឧត្តមត្រៃសិក្ខារាម ហៅកំប្រង់ ស្ថិតក្នុងឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ។
បច្ច័យចំនួន ០១ ម៉ឺនដុល្លានេះប្រគេនព្រះចៅអធិការវត្តខាងលើ គឺដើម្បីចូលរួមចំណែកកសាងសមិទ្ធផល នានាដែលស្ថិតក្នុងបរិវេណវត្ត ។ ហើយទីអារាមនេះ ស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដាច់ស្រយាលពីទីប្រជុំជន ក៏ជាទីអារាមថ្មីទើបតែកកើត ធ្វើអោយពុំមានការកសាងអ្វីច្រើននោះទេ ។
ព្រះចៅអធិការមានសង្ឃដីកា សូមផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា និងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកទទួលយកមនុញ្ញផល និងសូមឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ។
សូមបញ្ជាក់ផងដែរថាៈ កាលពីថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០១៩កន្លងទៅ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ក៏បានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលក្នុងទីអារាមនេះនូវបច្ច័យចំនួន ៥០០០ដុល្លាដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ ៕
ដោយ, សិលា