សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៣ខែមករា បានផ្សាយថា កម្លាំងប៉ូលិសរុស្ស៊ីបានចាប់ខ្លួនមនុស្សជាង ២៣០នាក់ដែលបានដង្ហែក្បួនបាតុកម្មខុសច្បាប់ដើម្បីគាំទ្រមេបក្សប្រឆាំង Alexei Navalny។
ជាក់ស្តែងប៉ូលិសរុស្ស៊ីបានចាប់ខ្លួនបាតុករសរុប២៣៨នាក់ ដែលគាំទ្រ លោក Alexei Navalny ដែលត្រូវកម្លាំងប៉ូលិសរុស្ស៊ីចាប់ខ្លួនក្រោយចូលដល់ទីក្រុងមូស្គូ ។ ក្រោយការចាប់ខ្លួនលោក Alexei Navalny បានអំពាវនាវដល់ពលរដ្ឋដែលគាំទ្រលោក ឱ្យដង្ហែក្បួនបាតុកម្មនៅទូទាំងប្រទេស។
មន្ត្រីប៉ូលិសរុស្ស៊ីបានលើកឡើងថា ការធ្វើបាតុកម្មគឺជារឿងខុសច្បាប់ ហើយត្រូវបានរំសាយ ។ កាលពីថ្ងៃទី១៧ខែមករា មេដឹកនាំក្រុមប្រឆាំងលោក Alexei Navalny ត្រូវបានប៉ូលិសចាប់ខ្លួននៅពេលកំពុងត្រួតពិនិត្យលិខិតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងមូស្គូ។ លោកបានទៅស្នាក់នៅអាល្លឺម៉ង់តាំងពីដើមឆ្នាំ២០២០។
សហគមន៍អឺរ៉ុប និងអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ ដោយបានអំពាវនាឲ្យដោះលែងជាបន្ទាន់៕ ដោយសាធី
រូបភាព៖ TASS