ខេត្តប៉ៃលិន៖ អ្នកខេត្តប៉ៃលិនមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម អំពីសកម្មភាពក្រុមជនទុច្ចរិត ខិលខូច មួយក្រុមអះអាងថាជាទាហានការពារព្រំដែន និងប្រើប្រាស់រថយន្តដឹកម៉ាស៊ីន ដើម្បីលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃទាប ។ ប៉ុន្តែការពិត សុទ្ធតែជាម៉ាស៊ីនក្លែងក្លាយ គុណភាពអន់ ហើយដំណឹងពេលនេះ ត្រូវបានប្រជាពលរដ្ឋ សំណូមពរឲ្យសមត្ថកិច្ចនិងអាជ្ញាធរ មានវិធានការទប់ស្កាត់។
អាចជាបុរសរងគ្រោះ បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះថា (Tanghun Heng ) បានបង្ហោះចែករំលែកនូវរូបភាពក្រុម ជនឆបោកទាំងនោះ កាលពីវេលាម៉ោង ៥និង ៣០នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ម្សិលមុិញ ថា, ខ្លួនបានចាញ់បោកក្រុមជនទុច្ចរិត អស់លុយមួយចំនួនដែលក្រុមនេះបានដើរបោកប្រាស់អ្នកភូមិ។ តាមរយៈការបង្ហោះបែបនេះ ក៏មានអ្នកខេត្តប៉ៃលិនបន្តធ្វើការផ្សព្វផ្សាយចែករំលែក ចៀសវាងវាងប្រជាពលរដ្ឋរងគ្រោះបន្តទៀត។
សូមបញ្ជាក់ថាម្ចាស់ហ្វេសប៊ុកឈ្មោះ (Tanghun Heng) បានបង្ហោះខ្លឹមសារថា, លើកទីមួយ ក្នុងជីវិតដែលត្រូវបានគេបោក។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថ្ងៃនេះខ្ញុំបានជួបក្រុមបោកយ៉ាងមានជំនាញខ្ពស់ តាំងខ្លួនជានាយទាហានព្រំដែនមានគ្នាបួននាក់ជិះឡាន highlander ពណ៌ត្រេអ៊ី ដើរតួជាអ្នកបើកឡាន មានកូនចៅ នឹងមានអ្នកធំ ថាមានម៉ាស៊ីនភ្លើងថ្មី ដែលឧកញ៉ាឧបត្ថម្ភឲ្យកងពល ២គ្រឿង ។ ពេលនេះចង់លក់មួយចេញក្នុងតម្លៃថោក ហើយថា តម្លៃថ្មី ១០០០ ដុល្លារជាង។ តែពួកគេចង់លក់ចែកយើងប្រើថោកគឺ ៥០០ដុល្លារប៉ុណ្ណោះ គ្រាន់បានលុយចាក់សាំងឡាន។ ការពិតគិតតម្លៃថ្លៃជាងទីផ្សារពីរដង សំខាន់ម៉ាស៊ីនមិនមែនរបស់ក្រុមហ៊ុនទេគឺ”Copyថតចម្លង”។
ម្ចាស់ហ្វេសប៊ុកបានបន្តថា, ខ្ញុំគ្រាន់តែមិនចង់ឲ្យបងប្អូន ចាញ់បោកគេដូចខ្ញុំ លេខឡានក្រុមឆបោក ភ្នំពេញ-2AG-4751 ។ នឹងរូបថតពួកគាត់។ សូមជួយស៊ែរបន្តបាទ។
ពាក់ព័ន្ធនឹងដំណឹងបែបនេះ គួរតែសមត្ថកិច្ច អាជ្ញាធរមានវិធានការទប់ស្កាត់ ស្វែងរកក្រុមជនទុច្ចរិតទាំងនេះ ខណៈមានរូបភាព និងផ្លាកលេខរថយន្តជាដើម។
សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្រុមទុច្ចរិត មានវិធីច្រើនណាស់ក្នុងការបោកប្រាស់ ប្រើគ្រប់រូបភាព ហើយងាយនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ជាពិសេសអ្នក ដែលពុំបានទទួលព័ត៌មាន ជុំវិញករណីបោកទាំងនោះ ទើបងាយរងគ្រោះ មាននៅគ្រប់ទីកន្លែង៕
ដោយ,សិលា