មែនទេអី ! លោកស្នងការរង ហុិន សុខខេង ចាប់បង្ខាំងមនុស្ស ជម្រិតយកលុយ ២០មុឺនដុល្លារ , ខណ:ប្រជាពលរដ្ឋពុំមានទំនុកចិត្ត ភ័យខ្លាច និងបានប្រព្រឹត្តបទល្មើសមួយចំនួនដោយផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ គោរពជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈរដ្ឋលេខាធិការទទួលបន្ទុក បានឲ្យដឹងថា គឺខាងអគ្គាធិការដ្ឋាន សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវពាក្យបណ្តឹងចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហុិន សុខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល។ ដោយយោងតាម បណ្តឹងចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវដែលសុំមិនបញ្ចេញឈ្មោះ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងដូចមានចុះក្នុងយោងខាងលើ ដោយបានចោទប្រកាន់លោកឧត្តម សេនីយ៍ត្រី ហុិន សុខខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ ថាបានធ្វើឱ្យប្រជាពលរដ្ឋពុំមានទំនុកចិត្ត ភ័យខ្លាច និងបានប្រព្រឹត្តបទល្មើសមួយចំនួនដោយ ផ្ទាល់ខ្លួន។

តាមខ្លឹមសារនៃពាក្យបណ្តឹងបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចូលកាន់តំណែងនៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហុិន សុខខេង ពុំដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាង បង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅចុងឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហុិន សុខខេង រួមជាមួយបក្ខពួកបានចាប់បង្ខាំងជនរងគ្រោះជម្រិតយកប្រាក់ចំនួន ២០០,០០០$ (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហុិន សុខខេង និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះ ជាជនជាតិវៀតណាមចំនួន០៣នាក់ និងជនជាតិខ្មែរចំនួន០២នាក់ ជម្រិតយកប្រាក់ចំនួន ១០០,០០០s (មួយរយពាន់ដុល្លារសហរដ្ឋអាមេរិក) និងបានដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិក ជាអ្នកបកប្រែ។ លុះនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ មានតំណាងរបស់ជនរងគ្រោះចំនួន០២នាក់ បានមកប្តឹងតវ៉ាដល់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ គឺ លោក ឧត្តមសេនីយ៍ឯក មាស ប៊ុនឡឺ និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើ ការងារនៅអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ក្នុងគោលបំណងទាមទារឱ្យអនុវត្តច្បាប់ ចំពោះមន្ត្រីនគរបាលជាន់ខ្ពស់ខាងលើ និងទាមទារយកសម្ភារដែលបានដកហូតយកពីជនរងគ្រោះជាអ្នក វិនិយោគជនជាតិវៀតណាមត្រឡប់មកវិញ។ ក្រោយពីមានបណ្តឹងតវ៉ា ក៏មានស្នងការរង នៃស្នងការ ដ្ឋាននគរបាលខេត្តតាកែវមួយរូប (មិនស្គាល់ឈ្មោះ) បានយកសម្ភារទៅប្រគល់ជូនជនរងគ្រោះវិញដល់ រាជធានីភ្នំពេញ។ ករណីខាងលើនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅ លោកឧត្តមសេនីយ៍ត្រី ហុិន សុខខេង សាកសួរដំណើររឿង បង្ខាំងមនុស្សខុសច្បាប់ម្តងរួចមកហើយ។ ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ត្រី ហុិន សុខខេង បានធ្វើឱ្យពលរដ្ឋក្នុងខេត្តតាកែវ ភ័យខ្លាច និងបាត់ទំនុកចិត្តមកលើសមត្ថកិច្ច ដែលជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការកើតមានបទល្មើស ជាបន្តបន្ទាប់ក្នុងមូលដ្ឋានខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ហុិន សុខខេង រង់ចាំតែហៃអើជាមួយបទល្មើស។ ដោយពុំមានចំណាត់ការជាក់ស្តែងឡើយ។

សំណូមពរដល់ថ្នាក់ដឹកនាំ ស្រាវជ្រាវរកភាពត្រឹមត្រូវ និងមានចំណាត់ការតាមច្បាប់។

បើយោងតាមយោបល់អគ្គាធិការដ្ឋាន៖

ក្រោយពីបានពិនិត្យខ្លឹមសារនៃពាក្យបណ្តឹងខាងលើ អគ្គាធិការដ្ឋាន សូមគោរពស្នើ គោលការណ៍ពី សម្តេចក្រឡាហោម ដើម្បីចាត់មន្ត្រីនគរបាលជំនាញចុះអង្កេតស្រាវជ្រាវ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។

សូមជម្រាបជូនថា  បើយោងតាមពាក្យបណ្ដឹង និងរបាយការណ៍គោរពជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ធ្វើដោយអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ឃើញថា លោកស្នងការរងរូបនេះ ពិតជាមានតម្រុយពិរុទ្ធភាពក្នុងបទល្មើស ក្នុងនាមតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ បទបង្ខាំងមនុស្សខុសច្បាប់ ជំរិតទារប្រាក់ ។ 

មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សង្ឃឹមថាថ្នាក់លើនឹងចាត់ការក្នុងរឿងនេះឲ្យមានភាពយុត្តិធម៌ក្នុងសង្គម។

អង្គភាព “នគរដ្រេហ្គន” មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកស្នងការរង ហុិន សុខខេង នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ។ ដូច្នេះអង្គភាព នគរដ្រេហ្គន នឹងរង់ចាំការបកស្រាយចំពោះបញ្ហាខាងលើនេះពីបុគ្គលផ្ទាល់ ខណៈបណ្ដឹងនេះកំពុងមានចំណាត់ការពីថ្នាក់លើ ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print