ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា,នៅពេលដែលក្រុមហ៊ុន Apple បានធ្វើការប្រកាសនូវទូរសព្ទ iPhone 12 កាលខែតុលា ក្រុមហ៊ុនបានទទួលស្គាល់ថា សារធាតុឆក់នៅក្នុងទូរសព្ទជំនាន់ថ្មីនេះ អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator។
ប៉ុន្តែនៅពេលថ្មីៗនេះក្រុមហ៊ុនបានបន្ថែមពាក្យពេចន៍មួយចំនួនទៀតដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីការប៉ះពាល់នេះ បន្ទាប់ពីវេជ្ជបណ្ឌិតមួយចំនួននៅរដ្ឋ Michigan បានធ្វើការសាកល្បងដោយដាក់ទូរសព្ទ iPhone 12 និងឧបករណ៍ Defibrillator នៅជិតគ្នាហើយដែលជាលទ្ធផលឧបករណ៍ Defibrillator បានឈប់ដំណើរការណ៍ជាបណ្ដោះអាសន្ននៅក្នុងពេលសាកល្បងនេះ។ បច្ចុប្បន្នក្រុមហ៊ុន Apple បានណែនាំបន្ថែមឱ្យអ្នកប្រើប្រាស់ដាក់ទូរសព្ទ ឬឧបករណ៍ MagSafe ឱ្យបានចម្ងាយយ៉ាងតិច ១៥សង់ទីម៉ែត្រនៅពេលប្រើប្រាស់ ឬ ៣០សង់ទីម៉ែត្រនៅពេលដែលលោកអ្នកកំពុងតែបញ្ចូលថ្ម ពីឧបករណ៍រំញោចបេះដូង។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់របស់លោកអ្នក ក្រុមអ្នកស្រាវជ្រាវក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់ដែលមានដាក់ឧបករណ៍រំញោចបេះដូង Pacemaker ឬ Defibrillator នៅក្នុងខ្លួន ចៀសវាងដាក់ទូរសព្ទនៅក្នុងហោប៉ៅអាវខាងលើ ឬនៅលើទ្រូងរបស់លោកអ្នក៕
ដោយ, សិលា