អន្តរជាតិ៖ បើតាមការផ្សាយរបស់សារព័ត៌មាន ABC បាននិយាយថា លោក Tse Chi Lop វ័យ៥៦ឆ្នាំ ជាជនជាតិកាណាដា ដើមកំណើតចិន ដែលត្រូវបានចាត់ទុកថា ជាស្តេចគ្រឿងញៀនអាស៊ី ឬ Asia’s El Chapo ត្រូវបានប៉ូលីសនៅក្រុងអាំស្ទែរដាម ប្រទេសហូឡង់ ចាប់ឃាត់ខ្លួន នៅអាកាសយានដ្ឋាន Amsterdam’s Schiphol ខណៈដែលខ្លួនក្នុងដំណើរទៅកាន់ប្រទេសកាណដា។
បេីតាមប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) នឹងស្នើសុំការធ្វើបច្ចាប័នដើម្បីនាំយកឧក្រិដ្ឋជនគ្រឿងញៀនរូបនេះ ទៅកាន់ទោស។ ខណៈក្នុងប្រតិបត្តិការតាមចាប់ខ្លួនដែលដឹកនាំដោយ AFP មានការចូលរួមពីអាជ្ញាធរកាណាដា ចិន ជប៉ុន មីយ៉ាន់ម៉ា ថៃ សហរដ្ឋអាមេរិក ក៏ដូចជាការិយាល័យស៊ើបអង្កេតតៃវ៉ាន់ផងដែរ។
សូមជម្រាបថា Tse Chi Lop ត្រូវបានគេដឹងថា មេដឹកនាំក្រុមហ៊ុន The Company ដែលមានគ្រឿងញៀនខុសច្បាប់តម្លៃប្រមាណ៧០ពាន់លានដុល្លារអាមេរិកនៅលើទីផ្សារអាស៊ី។ ប៉ូលីសអូស្ត្រាលី ជឿជាក់ថា ក្រុមហ៊ុន The Company ឬ Sam Gor Syndicate ជាអ្នកទទួលខុសត្រូវលើការនាំចូលគ្រឿងញៀនខុសច្បាប់៧០ភាគរយនៅទឹកដីអូស្ត្រាលី។
លោក Tse Chi Lop ត្រូវបានប្រៀបប្រដូចជាស្តេចគ្រឿងញៀនម៉ិកស៊ិក Joaquin “El Chapa” Guzman ដោយសារតែទំហំជួញដូរដ៏ធំ។ប៉ូលីសអូស្ត្រាលី តាមប្រម៉ាញ់ Mr Tse អស់រយៈពេលជាង១ទសវត្សរ៍មកហើយ មុនពេលដឹងពីដំណើររបស់គេទៅកាន់កាណាដា។
គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០១៩មក លោក Tse ត្រូវបានចាត់ទុកជាឧក្រិដ្ឋជនដែលគេតាមប្រមាញ់បំផុតនៅលើពិភពលោក ដោយពាក្យចចាមអារ៉ាមកន្លងមកថា គេបានរស់នៅម៉ាកាវ ហុងកុង និងតៃវ៉ាន់។ កាលពីអំឡុងឆ្នាំ១៩៩០ លោក Tse ក៏បានជាប់ពន្ធនាគារ៩ឆ្នាំនៅសហរដ្ឋអាមេរិក ពីបទជួញដូរគ្រឿងញៀនផងដែរ។ បន្ទាប់មកអង្គការសហប្រជាជាតិក៏ធ្លាប់បានវាយតម្លៃផងដែរថា The Company ទទួលបានចំណូលពីការលក់មេតំហ្វេតាមីនប្រមាណ១៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។
លោក Tse កើតនៅ Guangzhou ប្រទេសចិន បានទៅរស់នៅកាណាដានៅឆ្នាំ១៩៨៨។ ក្រោយជាប់គុក៩ឆ្នាំនៅសហរដ្ឋអាមេរិក Tse នៅតែបន្តសកម្មភាពជូញដូរគ្រឿងញៀន ជាពិសេសនៅតំបន់អាស៊ី ដោយរបាយការណ៍បង្ហាញថា មីយ៉ាន់ម៉ា ថៃ និងឡាវ ស្ថិតក្នុងចំណោមទីតាំងនៃប្រតិបត្តិការផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជននេះ៕ដោយ៖ស តារា
រូបភាព៖AFP