អភិបាលខេត្តជំរុញដល់រដ្ឋបាលក្រុងស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តចុះពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជំុវិញផ្សារវាលយន្តដើម្បីឱ្យមានសោភណភាពជាទីក្រុងស្អាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តបានជំរុញដល់រដ្ឋបាលក្រុងស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជំុវិញផ្សារវាលយន្តជាបន្តទៀតដើម្បីឱ្យមានសោភណភាពជាទីក្រុងស្អាត ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ការជំរុញបែបនេះរបស់លោកអភិបាលខេត្តគឺនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈឆ្នាំ២០២១របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តស្វាយរៀង។

លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់នា
រយៈពេលកន្លងមកក្នុងអំឡុងឆ្នាំ២០២០ បើទោះជាមានបញ្ហាប្រឈមនានាបានកើតឡើង ជាពិសេសបញ្ហាជំងឺកូវីដ-១៩ បញ្ហាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងក្តី ក៏អស់លោក លោកស្រីបានសហការគ្នាអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ រួមជាមួយរដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលល្អប្រសើរជាច្រើនទាំងការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩បានប្រកបដោយលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង ។
រដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ ។
រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្តណែនាំ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ឲ្យបាននូវការសាងសង់សំណង់អនាធិបតេយ្យ និងសំណង់ផ្សេងៗដែលរំលោភលើដីចំណីផ្លូវ ។
ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹុងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល
និងត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាពផងដែរ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print