ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១ បន្ទាប់ពីទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះដែលចូលទៅវាយខ្លួនដល់ក្នុងផ្ទះនៅចំណុចភូមិក្រាំងត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបានតដៃវិញ តែជ្រុលដៃវាយជនរងគ្រោះរបួសធ្ងន់។
សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុពួកគាត់ឃើញយុវជនឈ្មោះ ជឿន ណាង អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានទាស់ពាក្យសម្តីជាមួយឈ្មោះ តាំង លីហេង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ក្រោយពីឈ្លោះប្រកែកគ្នាបានមួយសន្ទុះស្រាប់តែឈ្មោះតាំង លីហេង បានដើរចូលទៅវាយឈ្មោះជឿន ណាង ដល់ក្នុងផ្ទះ រួចហើយឈ្មោះជឿន ណាងបានតដៃ ដើម្បីការពារខ្លួនក៏វាយឈ្មោះតាំង លីហេង បណ្តាលឲ្យសន្លប់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកឧដុង្គនិងរាយការណ៍ទៅសមត្ថកិច្ច។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចសមត្ថកិច្ចទៅទៅដល់បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីសាកសួរ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយជនរងគ្រោះខាងលើពិតមែន ដោយសារតែជនរងគ្រោះចូលទៅវាយខ្លួនដល់ក្នុងផ្ទះទើបខ្លួនតដៃដើម្បីការពារខ្លួន។
បន្ទាប់មកជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់៕
ដោយ៖ ប្រាថ្នា