អន្តរជាតិ៖ ក្រុមបក្សប្រឆាំងថៃ កំពុងរៀបចំដាក់សំណើក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តរដ្ឋមន្ត្រីចំនួន១០រូប របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ដោយចោទប្រកាន់ថា៖ ថ្លោះធ្លោយក្នុងការគ្រប់គ្រងអំពើពុករលួយ បញ្ហាសង្គម ក៏ដូចជាគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ–១៩មិនសូវបានល្អ។
ជាក់ស្តែងរដ្ឋមន្ត្រីចំនួន១០រូប មកពីបក្ស Palang Pracharath បក្សប្រជាធិបតេយ្យ និងបក្សBhumjaithai ដែលចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ស្ថិតនៅក្នុងបញ្ជីឈ្មោះរដ្ឋមន្ត្រីដែលបក្សប្រឆាំងដាក់ក្នុងសំណើរបោះឆ្នោតដកសេចក្តីទុកចិត្ត។ ព្រោះកន្លងមកកាលពីខែកុម្ភៈឆ្នាំ២០២០ លោក ប្រាយុទ្ធ និងរដ្ឋមន្ត្រីចំនួន៤រូបផ្សេងទៀត រួចខ្លួនពីការបោះឆ្នោតដកសេចក្តីទុកចិត្តម្ដងហើយ។
ក្នុងចំណោមរដ្ឋមន្រ្តីខាងលេីនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon រដ្ឋមន្ត្រីមហាផ្ទៃ Anupong Paojinda រដ្ឋមន្ត្រីសុខាភិបាល Anutin Charnvirakul រដ្ឋមន្ត្រីពាណិជ្ជកម្ម Jurin Laksanawisit អនុរដ្ឋមន្ត្រីមហាផ្ទៃ Niphon Bunyamanee រដ្ឋមន្ត្រីការងារSuchart Chomklin និងរដ្ឋមន្ត្រីដឹកជញ្ជូន Saksayam Chidchob សុទ្ធតែមានឈ្មោះក្នុងបញ្ជីរដ្ឋមន្ត្រីដែលបក្សប្រឆាំងចង់ដកចេញពីតំណែង។
នៅថ្ងៃទី២៤ ខែមករា ក្រុមបក្សប្រឆាំងបានជួបគ្នា ដើម្បីពិនិត្យសម្រេចសំណើរបោះឆ្នោតកដកសេចក្តីទុកពីរដ្ឋមន្ត្រី មុននឹងបញ្ជូនឯកសារនេះ ទៅប្រធានរដ្ឋសភា។ លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ (MFP) និយាយថា ការជជែកដេញដោលក្នុងរដ្ឋសភា នឹងផ្តោតទៅលើបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ ក៏ដូចជាអំពើពុករលួយ។ លោក Pita អះអាងថាមិនសំខាន់ឡើយបើរដ្ឋាភិបាលរួចខ្លួន អ្វីដែលសំខាន់គឺប្រជាជនបានដឹងឮ និងកាត់បន្ថយភាពស្របច្បាប់របស់រដ្ឋាភិបាល។
សូមជម្រាបថា ក្នុងអំឡុងប្រជុំដែលគ្រោងរៀបចំនៅខែក្រោយ បក្ស MFP និងបក្ស Seri Ruam ថៃ នឹងផ្តោតទៅលើលោក ប្រាយុទ្ធចំពោះបញ្ហាឆ្លងដែនរបស់ពលករអន្តោប្រវេសន៍ដែលជាប្រភពនៃការផ្ទុះជំងឺឆ្លងកូវីដ–១៩។ ចំណែកបក្សភឿថៃវិញ នឹងលើកឡើងពីកន្លែងលេងល្បែងខុសច្បាប់។ រដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីការងារ និងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ផ្ទាល់ នឹងត្រូវឆ្លើយតបចំពោះបញ្ហានេះដែរ។ នេះបេីយោងតាមការចុះផ្សាយកាសែត Bangkok Post ។
ចំណែកលោក Jurin ដែលជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាមេដឹកនាំបក្សប្រជាធិបតេយ្យ នឹងត្រូវចោទសួរពីការស្តុកម៉ាស់ទុកអំឡុងពេលមានតម្រូវការខ្ពស់។ ដូចគ្នានេះដែរ លោក Niphon អនុរដ្ឋមន្ត្រីមហាផ្ទៃនឹងត្រូវឆ្លើយសំណួរចំពោះទីតាំងឧស្សាហកម្មចិនដ៏ចម្រូងចម្រាស់ ដែលរងការប្រឆាំងយ៉ាងខ្លាំងពីប្រជាជនក្នុងតំបន់នៅតាមឆ្នេរនៅខេត្ត Songkhla ។
គួរបញ្ជាក់ថា មេដឹកនាំបក្ស Bhumjaithai លោក Anutin នឹងរងសំណួរចំពោះតួនាទីរបស់លោកជារដ្ឋមន្ត្រីសុខាភិបាល រីឯលោកSaksayam រដ្ឋមន្ត្រីដឹកជញ្ជូន នឹងត្រូវឆ្លើយសំណួរជុំវិញការតម្លើងថ្លៃរថភ្លើង។ ដំបូងឡើយ ក្រុមបក្សប្រឆាំងចង់ដេញដោលលោក Anutin ចំពោះការទប់ស្កាត់ទៅនឹងជំងឺឆ្លងកូវីដ–១៩ តែបក្សភឿថៃអះអាងថា សំណួរនេះគួរតែបង្វែរទៅលោក ប្រាយុទ្ធ តែម្នាក់គត់ ដោយសារលោកប្រាយុទ្ធចេញក្រឹត្យអាសន្ន ដូចនេះលោកជាអ្នកទទួលខុសត្រូវ៕ដោយ៖ស តារា
រូបភាព៖ឯកសារ