ស្ថានទូតខ្មែរ៖ ពលករខ្មែរ៧នាក់​ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា​ មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ

ចែករំលែក៖

ប្រទេសថៃ៖ ស្ថានទូតខ្មែរ ប្រចាំព្រះរាជាណាចក្រថៃ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះថាពលករខ្មែរ៧នាក់​ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា​ មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ​ ហើយកំពុងទទួលបានការព្យាបាល​​ និងការយកចិត្តទុកដាក់ ព្រមទាំងការចុះសួរសុខទុក្ខ​​ពីសំណាក់ស្ថានទូត។

សូមបញ្ជាក់ថា នាថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ​ បានចុះមកមន្ទីរពេទ្យមហារាជ ​​ និងការដ្ឋានសាងសង់ផ្លូវ​ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប ប្រុស៤នាក់​ និងស្រី៣នាក់​ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

ស្ថានទូតខ្មែរបន្តថាបញ្ជាក់គ្រោះថ្នាក់ខាងលើមិនមែនករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។​​​ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ​ ចំណែកពលករ៤នាក់​ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ​​ ១នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត និងពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះ។​ 

ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក​​ និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន​ នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់។​

ជាមួយគ្នានេះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា​ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនពលករដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅរបស់ពួកគាត់ ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខពីរាជរដ្ឋាភិបាលកម្ពុជាដែលមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនពលករខ្មែរផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print