សូមមានការប្រុងប្រយ័ត្ន! កម្មវិធីមេរោគថ្មីកំពុងតែរីករាលដាលតាមរយៈកម្មវិធីទំនាក់ទំនងសង្គម WhatsApp

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញកម្មវិធីមេរោគថ្មីសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាលដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី WhatsApp។

វិធីសាស្រ្តនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើមុខងារឆ្លើយតបដោយស្វ័យប្រវត្តិដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និងកម្មវិធី WhatsApp។ នៅពេលដែលទូរស័ព្ទដែលមានមេរោគទទួលបានសារតាមរយៈកម្មវិធី WhatsApp វានឹងឆ្លើយតបទៅអ្នកផ្ញើវិញជាមួយនឹងតំណភ្ជាប់ ឱ្យបញ្ចូលកម្មវិធីកម្មវិធីក្លែងក្លាយ “Huawei Mobile” តាមរយៈគេហទំព័រក្លែងក្លាយដែលមានរូបរាងស្រដៀងគ្នាទៅនឹងគេហទំព័រ Google Play Store។

បន្ទាប់ពីលោកអ្នកបញ្ចូលកម្មវិធីមេរោគនេះ វានឹងធ្វើការស្នើសុំដើម្បីអាចផ្ញើសារចេញដោយស្វ័យប្រវត្តិ ដែលនេះធ្វើឱ្យទូរស័ព្ទលោកអ្នកក្លាយទៅជាឧបករណ៍ សម្រាប់ចែកចាយមេរោគ បន្តទៅទូរស័ព្ទផ្សេងៗទៀត។ ជាងនេះទៅទៀតក្រុមអ្នកស្រាវជ្រាវបានរកឃើញផងដែរថា មេរោគនេះក៏អាចបន្ថែមស្គ្រីនទៅលើកម្មវិធីផ្សេងៗទៀតដើម្បីលួចយកព័ត៌មានសំខាន់ៗដូចជាឈ្មោះ និងលេខសម្ងាត់ជាដើម។

បច្ចុប្បន្នកម្មវិធីមេរោគនេះអាចចម្លងតាមតែរយៈកម្មវិធី WhatsApp ប៉ុន្តែជនខិលខូចក៏អាចធ្វើការកែសម្រួលវា ដែលអាចឱ្យដំណើរការបានជាមួយនឹងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតនៅពេលអនាគត។ ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំធ្វើការទាញយកកម្មវិធី ពីតំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ ហើយលោកអ្នកគួរតែទាញយកកម្មវិធីតែពីក្នុងកម្មវិធីផ្លូវការដែលមាននៅក្នុងទូរសព្ទស្រាប់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print