ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីចាប់រំលោភរួចសម្លាប់នារីម្នាក់យ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចចំណោតដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ អ៊ូ អារីហ្វីន ហៅ ហ៊ីម សាអាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានមុខរបរជាកម្មកររោងចក្រKKN1 រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានជិះម៉ូតូឌុបជនរងគ្រោះឈ្មោះ ឆេង សាវី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រKKN4 ទៅស្រុកកំណើតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបទុមសាគរ ។
សមត្ថកិច្ចបន្តថា ពេលទៅដល់ចំណុចកើតហេតុ ជនសង្ស័យបាននាំជនរងគ្រោះទៅចំណុចមានក្យូសដោយប្រាប់នារីរងគ្រោះថាចូលទៅអង្គុយលេងមួយភ្លែត រួចបានធ្វើសកម្មភាពចាប់រំលោភនិងច្របាច់កនារីរងគ្រោះរហូតដល់ស្លាប់ហើយយកអាវរិឹតកបន្ថែមអូសទម្លាក់ចោលក្នុងព្រៃ រួចជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិ៤វិញ ។
ប្រភពខាងលើឱ្យដឹងទៀតថា ក្រោយសមត្ថកិច្ចបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ជាបន្តបន្ទាប់រហូតដល់រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលខេត្តកោះកុងដើម្បីធ្វើការសាកសួរ និងអនុវត្តទៅតាមផ្លូវច្បាប់ ៕